សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យបណ្តាសាកលវិទ្យាល័យ ត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែប វិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងអនុវត្តជាក់ស្ដែង ដើម្បីផ្ទេរចំណេះជាក់ស្តែង, ទាំងទ្រឹស្តី, ការអនុវត្ត និង ឧត្តមានុវត្ត ជូនដល់សិស្ស-និស្សិត​។

ការជំរុញរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងពេលដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៥.២៣២ អង្គ/នាក់ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាកលវិទ្យាល័យជាតិគ្រប់គ្រង-សាខាវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល  ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច (Economic Architecture) នាពេលអនាគត រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និង សង្គម ដោយបានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលមានចក្ខុវិស័យ កសាងសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម, ទាំងរដ្ឋ, ពលរដ្ឋ និង ធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ។

ជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សា ក៏ជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍទេពកោសល្យ, ការច្នៃប្រតិដ្ឋ និង ប្រព័ន្ធអេកូឡូស៊ី ដើម្បីជំរុញកំណើន និងនិរន្តរភាពនៃសេដ្ឋកិច្ចឌីជីថល ។ ព្រោះថា ការកសាងធនធានមនុស្ស នឹងជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារតំបន់ និងសកល, ជួយបង្កើននូវភាពម្ចាស់ការតាម រយៈការប្រើប្រាស់ចំណេះដឹងជាអំណាចលើជោគវាសនាខ្លួន ដែលជាមូលដ្ឋានឈានទៅបង្កើនសមត្ថភាពចំណេះដឹងបន្ថែមទៀត និងមានភាពបត់បែន ព្រមទាំងជាមូលដ្ឋានសម្រាប់ជួយប្រទេសឱ្យកាន់តែវិវត្តបន្ថែមទៀត ។

ក្នុងនោះ សម្តេចធិបតី ក៏បានផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីទាំងអស់ ក៏ដូចជាតួអង្គពាក់ព័ន្ធ បន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន ព្រមទាំងសិក្សាឱ្យបានជាក់លាក់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញការងារ និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា ៕

Share.