ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មួយដោយបានបញ្ជាក់មានករណីគណបក្សនយោបាយខ្លះ ដែលបាននិងកំពុងបង្ខិតបង្ខំសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបោះឆ្នោតជូនគណបក្សដែលខ្លួនតម្រូវ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលខាងមុខនេះ។

ក្រសួងមហាផ្ទៃបញ្ជាក់ថា ការបង្ខិតបង្ខំ គំរាមកំហែង ដល់អ្នកបោះឆ្នោត គឺជាការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលធានាការពារដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ម៉្យាងទៀតសកម្មភាពទាំងនេះ ធ្វើ ឱ្យចលាចលដល់អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានតួនាទីធានានូវការគ្រប់គ្រង និង រៀបចំដំណើរការប្រព្រឹត្តទៅនៃរដ្ឋបាល ឃុំ សង្កាត់នីមួយៗ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់ប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៕

Share.