សព្វថ្ងៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាបានបង្កភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបាននូវព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអុីនធ័រណែត និងបណ្តាញសង្គមគ្រប់ប្រភេទ ដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង។ ទន្ទឹមនឹងការផ្តល់ភាពងាយស្រួលទាំងនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលនិងផលវិបាកមកលើសង្គមរស់នៅផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

សូមចុចអាន៖ មីយ៉ាន់ម៉ានឹងជ្រើសរើសជនស៊ីវិលចំនួន៦ម៉ឺននាក់ ជារៀងរាល់ឆ្នាំដើម្បីចូលបម្រើកងទ័ពឆាប់ៗនេះ….

ផលវិបាកដែលអាចកើតមាននៅក្នុងសង្គម លោក ទេព អស្នារិទ្ធ បានពន្យល់ថា ផលវិបាកទាំងនោះអាចបង្កភាពចលាចល ដែលនាំឲ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា រីឯការបង្ខូចកេរ្តិ៍ឈ្មោះប៉ះពាល់ដល់ឯកជនភាព និងធ្វើឲ្យបាត់បង់កិត្តិយស។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចនឹងបង្កឲ្យមានការរើសអើង អរិភាពក្នុងសង្គម  និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ។ ផលវិបាកទាំងនេះកើតឡើង ស្របពេលនឹងការវិវត្តនៃបច្ចេកវិទ្យា Ai ផងដែរ ដែលវាកំពុងធ្វើឲ្យព័ត៌មានកាន់តែមានភាពស្មុគស្មាញ។ 

លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍បន្តថា ដូច្នេះហើយ កិច្ចប្រជុំកាលពីពេលថ្មីៗរបស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តោតការយកចិត្តទុកដាក់លើភាពចាំបាច់នៃការគ្រប់គ្រងដោយប្រសិទ្ធភាព ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តយន្តការចម្រុះ ប្រកបដោយភាពប្រទាក់ក្រឡា និងបង្កើនភាពសុីសង្វាក់គ្នាក្នុងការអនុវត្តប្រកបដោយបុរេសកម្ម ក្នុងនោះយន្តការចំបងក្នុងក្របខណ្ឌសមត្ថកិច្ចជំនាញគឺយន្តរបស់ក្រសួង ស្ថាប័ន និងយន្តការក្នុងក្របខណ្ឌកិច្ចសហការអន្តរក្រសួង ស្ថាប័ន។ រីឯយន្តការកម្រិតជាតិជាយន្តការធំរួម ក្រោមការដឹកនាំដោយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ សំដៅលើកកម្ពស់កិច្ចសហការក្នុងទម្រង់ជវភាពតួអង្គតែមួយរបស់រាជរដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័ន រាជធានី ខេត្ត ទាំងអស់ ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ ពង្រឹងស្តង់ដារអនុវត្តលើការងារសាធារណមតិ និងប្រឆាំងព័ត៌មានក្លែងក្លាយ។ 

អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់បន្ថែមថា៖ ដោយឡែក គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ផ្តោតភារកិច្ចចំបងៗរបស់ខ្លួនលើការតាមដាន ប្រមូល និងចាត់វិធានការក្នុងក្របខណ្ឌច្បាប់ចំពោះរាល់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកធានាសន្តិសុខជាតិ ស្ថិរភាពនយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គមក្នុងសង្គម។ តាមរយៈយន្តការនេះ ក្រសួងព័ត៌មានបាន និងបន្តលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឲ្យបានកាន់តែទូលំទូលាយថែមទៀត ទាំងក្នុងស្រុក និងដល់ប្រជាជននៅលើពិភពលោក ដើម្បីរក្សាជំនឿទុកចិត្តរបស់ប្រជាជន ព្រមទាំងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដែលបំពុលសង្គម អាចបង្កឱ្យកើតមានចលាចល ប៉ះពាល់ដល់ការរស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាជនក្នុងសង្គម។ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាននឹងបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពស្ថាប័នអន្តរជាតិ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ គ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។

Share.