ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែភ្លើងប្រច័ណ្ឌ ឈ្លោះរករឿង វាយប្រពន្ធហើយ ទៅចងកសម្លាប់ខ្លួន រកតែមិត្តភក្តិ ប្រពន្ធទៅជួយមិនទាន់ផង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជួលលេខA11 ផ្លូវបេតុងលេខ២ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសខាងលើមាន ឈ្មោះ ណឹម ម៉ៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ចំណែកប្រពន្ធ ឈ្មោះ ទូច រីហ្សា អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិកលក់ដីឡូត៍ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

តាមប្រភពពីមិត្តភក្តិ បានឱ្យដឹងថា បុរសខាងលើប្រច័ណ្ឌណាស់ ឱ្យតែប្រពន្ធ នាំភ្ញៀវ ប្រុសៗ ឱ្យរកមើលដី ផ្ទះ មកវិញដឹងតែឈ្លោះរករឿងហើយ ស្រឡាញ់ប្រពន្ធណាស់ ឈ្លោះក៏ណាស់ដែរ ដោយសារតែរោគប្រច័ណ្ឌ ហើយមុនកើតហេតុ ក្រោយពីដេកជាមួយគ្នាសុខៗ នឹកឃើញ ខាងប្តីរំលឹករឿងចាស់ ចូលដល់រឿងប្រច័ណ្ឌ ស្រាប់តែផ្ទុះជម្លោះ វាយប្រតាយប្រតប់ ប្រពន្ធភ័យរត់គេចទៅដេកជាមួយមិត្តភក្តិនៅបន្ទប់ជាន់ទី២ ប្តីឡើងទៅតាមហៅ ទាំងខ្លួនននលគក តែប្រពន្ធមិនព្រមឆ្លើយ ហើយក៏មិនចុះមកដេកជាមួយដែរ ខ្លាចវាយទៀត លុះស្ងាត់បាត់មាត់ លែងឮសូរហៅរកទៀត មិត្តភក្តិរបស់ប្រពន្ធ ចុះមកតាមមើល ស្រាប់តែប្រទះឃើញ បុរសខាងលើកំពុងចងក ត្រដរខ្យល់ ស្ទុះចូលទៅជួយលើក តែមិនរួច ក៏ទៅតាមហៅប្រពន្ធឱ្យមកជួយ តែហួសពេល ស្លាប់បាត់ទៅហើយ ទើបនាំគ្នាផ្អើលឆោឡោ ស្រែហៅអ្នកជិតខាង រាយការណ៍ទៅសមត្ថកិច្ច។

សពបុរសខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅ ហើយរាយការណ៍ទៅសមត្ថកិច្ចជំនាញ ស្នងការរាជធានីភ្នំពេញ រហូតដល់ព្រឹកឡើងថ្ងៃដដែល ប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.