ទីក្រុងអូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) បាននិយាយថា ប្រទេសចិន គួរតែដើរតួនាទីក្នុងការរក្សាសមុទ្រក្រហមឱ្យមានសុវត្ថិភាពសម្រាប់វិស័យពាណិជ្ជកម្ម ពីព្រោះកប៉ាល់របស់ចិនក៏មានហានិភ័យនៅទីនោះដែរ ដោយលោកស្រីបានជំរុញឱ្យទីក្រុងប៉េកាំង បញ្ឈប់ការជួយជ្រោមជ្រែងប្រទេសរុស្ស៊ី ពីការដាក់ទណ្ឌកម្មអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងបទសម្ភាសន៍មួយ លោកស្រី Joly បាននិយាយថា លោកស្រីបានប្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងកិច្ចប្រជុំទ្វេភាគីមួយកាលពីថ្ងៃសៅរ៍ថា ទីក្រុងប៉េកាំង ត្រូវជួយក្រុមហ៊ូទី ឱ្យមានឥទ្ធិពល ដើម្បីរក្សាសមុទ្រក្រហម។ លោកស្រីបន្ថែមថា វាស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសចិន ជាអ្នកនាំចេញ។

គួររំលឹកថា ក្រុម Houthis ដែលមានសម្ព័ន្ធមិត្តជាមួយប្រទេសយេម៉ែន បានធ្វើការវាយប្រហារជាបន្តបន្ទាប់នៅសមុទ្រក្រហមលើនាវាពាណិជ្ជកម្ម រួមទាំងនាវាដឹកប្រេង M/T Pollux ដែលមន្ត្រីអាមេរិកបាននិយាយថា ត្រូវបានវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

ការវាយប្រហារដែលក្រុម Houthi គាំទ្រប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានបង្កើនថ្លៃដឹកជញ្ជូន និងការធានារ៉ាប់រង ដោយបង្អាក់ផ្លូវពាណិជ្ជកម្មសំខាន់រវាងអាស៊ី និងអឺរ៉ុប ដែលប្រើប្រាស់យ៉ាងទូលំទូលាយដោយកប៉ាល់ដឹកទំនិញមកពីប្រទេសចិន។ ខណៈសហរដ្ឋ​អាមេរិក និង​អង់គ្លេស​បាន​ជំរុញ​ឱ្យ​ចិន​ធ្វើ​អន្តរាគមន៍​តាម​រយៈ​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​នេះ។

ទន្ទឹមនោះ លោកស្រី Joly ក៏បាននិយាយដែរថា លោកស្រីបាននិយាយជាមួយ លោក Yi អំពីការធ្វើឱ្យប្រាកដថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្សីបានធ្វើឡើង នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនអូសបន្លាយ។

បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសៅរ៍ជាមួយលោកស្រី Joly លោក Wang Yi បាននិយាយអំពីតម្រូវការដើម្បី «កសាងទំនុកចិត្តឡើងវិញ» ជាមួយកាណាដា បន្ទាប់ពីភាពតានតឹងការទូតអស់រយៈពេលជាច្រើនឆ្នាំ។

ទំនាក់ទំនងចិន-កាណាដាបានប្រែជាត្រជាក់កាលពីចុងឆ្នាំ២០១៨ នៅពេលដែលប៉ូលីសកាណាដា បានឃាត់ខ្លួននាយកប្រតិបត្តិទូរគមនាគមន៍របស់ចិន ហើយមិនយូរប៉ុន្មាន ទីក្រុងប៉េកាំង បានចាប់ខ្លួនជនជាតិកាណាដា ២នាក់ ពីបទចារកម្មផងដែរ។

ទំនាក់ទំនងរវាងប្រទេសទាំង២ បានបន្ដភាព​តានតឹង​រហូតដល់​ឆ្នាំមុន ខណៈ​សភា​កាណាដា ​បាន​ស៊ើបអង្កេត​ការចោទប្រកាន់​ចិន​ បាន​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​របស់ខ្លួន ជា​ការអះអាង​មួយ​ដែល​ចិន​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​៕

ប្រភព៖ CNA

Share.