កណ្តាល ៖ នារីវ័យក្មេងម្នាក់ មិនដឹងថាមានបញ្ហា ឬវិប្បត្តិរឿងអ្វី បែជាទៅបញ្ចប់ជីវិត ដោយលោតទឹកសម្លាប់ខ្លួន បន្សល់ទុកតែស្បែកជើងមួយគូ កង់មួយគ្រឿង ផ្អើលប្រជាពលរដ្ឋ អ្នកដំណើរ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា នារីរងគ្រោះ វ័យប្រហែល១៨ឆ្នាំ ហើយមុនកើតហេតុ ឃើញជិះកង់ឡើងលើស្ពាន ពីលិចទៅកើត ស្មានតែជិះកង់ហាត់ប្រាណ ទើបមិនចាប់អារម្មណ៍ ស្រាប់តែដល់ពាក់កណ្តាល ឈប់កង់ ដោះស្បែកជើង ឡើងហក់លោតចុះក្នុងទឹកបាត់ ទើបនាំគ្នាផ្អើលឆោឡោ រកតែចាប់ឃាត់មិនទាន់ផង។

ក្រោយពីកើតមានរឿងបែបនេះ សមត្ថកិច្ចមូលដ្ឋានទៅដល់ទីតាំងខាងលើ សាកសួរ តែគ្មានអ្នកណាស្គាស់អត្តសញ្ញាណ ហើយសមត្ថកិច្ចប្រមូលសម្ភារៈដែលបន្សល់ទុកនៅលើស្ពាន យកទៅរក្សាទុកនិងធ្វើការស្រាវជ្រាវ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.