បន្ទាយមានជ័យ៖ អាជ្ញាធរនិងសមត្ថកិច្ចក្រុងប៉ោយប៉ែតចុះអប់រំណែនាំ ក្រុមហ៊ុនរថយន្ត ដឹកអ្នកដំណើរ មិនឱ្យចតរថយន្តលើផ្លូវ ដាក់អីវ៉ាន់ ឬដាក់ភ្ញៀវ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សារធារណៈ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីការ៉ាស់សាំងPPT ដល់រង្វង់មូលក្រុងប៉ោយប៉ែត ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានឲ្យដឹងថា ដោយមានការណែនាំពីលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់អូរជ្រៅ និងកម្លាំងជំនាញនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានចុះអប់រំណែនាំដល់ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្ម ទទួលបញ្ញើ អ្នកដឹកទំនិញ ដឹកអ្នកដំណើរទាំងអស់ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ហាមមិនឱ្យធ្វើការចតលើផ្លូវដាក់អីវ៉ាន់ ដាក់ភ្ញៀវ ឬចតចោលនោះឡើយ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ បង្កភាពរញ៉េរញ៉ៃ កកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។

លោកចៅ សង្កាត់អូរជ្រៅបញ្ជាក់ថា ថ្មីៗនេះ ក្រុងប៉ោយប៉ែត បានបន្តរៀបចំធ្វើរនាំងថ្មពុះចែកទ្រូងផ្លូវ ដាក់បង្គោលភ្លើង បំភ្លឺផ្លូវនិងបំពាក់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺមានការកោតសរសើរ និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្តែទន្ទឹមនិងការកោតសរសើរនេះ ក៏មានការរិះគន់ និងសំណូមពរឱ្យអាជ្ញាធរជួយរៀបចំសណ្តាប់ ធ្នាប់ចរាចរណ៍ផងដែរ ខណៈមានរថយន្តក្រុង រថយន្តដឹកអ្នកដំណើរ ចតដាក់ភ្ញៀវ ឬអីវ៉ាន់ ធ្វើឲ្យផ្លូវតូចចង្អៀត បាត់បង់នូវសណ្តាប់ធ្នាប់សាធារណៈ បង្កគ្រោះថ្នាក់ចរាចរណ៍។ សំណូមពរឲ្យម្ចាស់ក្រុមហ៊ុន ឬម្ចាស់ទីតាំងរថយន្តដឹកនាំអ្នកដំណើរ ឬអីវ៉ាន់ ចូលរួមទាំងអស់គ្នា ចតឲ្យផុតផ្លូវដើម្បីទីក្រុងស្អាត មានសោភ័ណភាព និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.