ផលិតកម្ម​តន្ត្រី​ដ៏​ធំ​ Warner Music Group’s ADA អាស៊ី​​បាន​ចាប់​ដៃ​គូ​សហការ​ជាមួយ​​នឹង​ផលិតកម្ម​ Baramey ដែល​ជា​ផលិតកម្ម​បង្កើត​និង​សាង​នូវ​តារា​ចម្រៀង​ដ៏​មាន​សមត្ថភាព​ជា​ច្រើន​រូប​។ ការ​ចុះ​កិច្ច​សន្យា​ភាព​​ជា​ដៃ​គូ​នេះ​គឺជា​​លើក​ទីមួយ​ដែល​ផលិតកម្ម​កម្ពុជា​បាន​សហការ​ជាមួយ​នឹង​ផលិតកម្ម​ចម្រៀង​អន្តរជាតិ​ដ៏​ធំ​។

នៅ​ក្នុង​នោះ​ ADA Asia នឹង​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ផលិតកម្ម​ បារមី ដើម្បី​បង្កើន​ឱកាស​ដល់​តារា​ចម្រៀង​កម្ពុជា​តាម​រយៈ​សេវាកម្ម​ជា​ច្រើន​ដូច​ជា​ ចែក​ចាយ​បទ​ចម្រៀង​ជា​លក្ខណៈ​សកល​ ការ​ធ្វើ​ទី​ផ្សារ​ឌីជីថល​ ដើម្បី​ពង្រីក​ឱកាស​ឱ្យ​ពិភពលោក​កាន់​តែ​ស្គាល់​បទ​ចម្រៀង​ខ្មែរ​ តន្ត្រី​ខ្មែរ ​និង​វប្បធម៌​ជុំវិញ​ពិភពលោក​។​

យោង​តាម​ទាំង​ការ​ប្រកាស​ពី​ផលិតកម្ម​ក្នុង​ស្រុក​ Baramey និង​ដៃ​គូ​ផលិតកម្ម​ ADA Asia បាន​ធ្វើ​ការ​ផ្សាយ​តាម​រយៈ​វែបសាយ​ និង​ ទំហំ​ហ្វេសប៊ុក​របស់​ខ្លួន​ បាន​ចែក​រំលែក​ឱ្យ​ដឹង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ជា​លក្ខណៈ​​ទ្វេ​ភាគី​នេះ​ ដោយផលិតកម្ម​​ Baramey (បារមី) បាន​ប្រកាស​​នៅ​លើ​ផេក​ផ្លូវការ​របស់​ខ្លួន​ថា​៖

«ផលិតកម្មបារមីយើង តែងតែមានភាពជឿជាក់ថា បទចម្រៀង និងតន្រ្ដីសិល្បៈខ្មែរយើង សាកសមនឹងទទួលបានការចាប់អារម្មណ៍ និងដឹងឮដោយពិភពលោក។ នេះគឺជាជំហានដ៏ធំមួយ ដែលជួយឲ្យពួកយើងសម្រេចនូវសេចក្ដីប្រាថ្នាមួយនេះ។ យើងសូមអរគុណ ទៅកាន់អ្នកគាំទ្រ ផលិតកម្មបារមី សិល្បករ និងសិល្បការិនីរបស់ពួកយើង ដោយការគាំទ្រអ្នក បាននាំអោយឲ្យពួកយើងបានមកដល់ គោលដៅមួយនេះ។ ជាមួយនឹងការគាំទ្រដោយ Warner Music Group’s ADA Asia ពួកយើងត្រៀមខ្លួនរួចជាស្រេច ក្នុងការ បើកទំព័រថ្មីនៃប្រវត្តិសាស្រ្ដរបស់វិស័យសិល្បៈនៅប្រទេសកម្ពុជាយើង។ ជាចុងក្រោយពួក យើងក៏សូមអញ្ជើញអ្នកគាំទ្រទាំងអស់គ្នា មកចូលរួមនូវជំហានថ្មីរបស់ពួកយើងទាំងអស់គ្នា!»

កិច្ច​ព្រមព្រៀង​នេះ​កើត​ឡើង​ក្រោយ​ផលិតកម្ម​ Baramey ជោគជ័យ​កាល​ពី​ដើម​ឆ្នាំ​២០២១​នេះ​ជាមួយ​នឹង​​បទ​ចម្រៀង​ល្បី​ Time To Rise ច្រៀង​រួម​ជា​មួយ​នឹង​ព្រឹទ្ធាចារ្យ​ គង់ ណៃ ដែល​​បទ​នេះ​មាន​ភាពល្បីល្បាញ​ជា​លក្ខណៈ​អន្តរជាតិ​។ បទ​ចម្រៀង​នេះ​ដែរ​គឺជា​បទ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ចំនួន​ទស្សនា​ជិត​៥០​លាន​ដង​។

ផលិតកម្ម​ Baramey មាន​តារា​ចម្រៀង​ខ្មែរ​អាមេរិក​កាំង កញ្ញា Laura Mom គឺ​ជា​ CEO មាន​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​​ប្រមូល​ផ្ដុំ​ នៅ​ក្នុង​ផលិតកម្ម​​មួយ​នេះ​ដូច​ជា​ តារា​ចម្រៀង​ល្បី​ វណ្ណាដា ក្រុម​ចម្រៀង​ក្មេង​ខ្មែរ តារា​ចម្រៀង​សំនៀង​ Modern Sophia Kao និង​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​។

ប្រភព៖ Baramey Production, WMG

Telegram-Troryorng
Share.