បន្ទាយមានជ័យ៖ អគ្គិភ័យឆាបឆេះកំពតព្រៃ ផ្អើលប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ចក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍បានទាន់ពេលវេលាមិនរាលដាលដល់ផ្ទះពលរដ្ឋ កាលពីវេលាម៉ោង១៩និង៣០នាទី យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅពេលដែលទទួលបានដំណឹងថា មានករណីកំពុង ឆាបឆេះកំពតព្រៃ នៅទីតាំងខាងលើ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូល ដ្ឋានក្រុងប៉ោយប៉ែត ក៏ដូចជារូបលោកផ្ទាល់ នឹងកងកម្លាំងនគរបាលបានចុះដល់ទីតាំង បាននាំគ្នាកាច់មេឃលើវ៉ៃពន្លត់រហូតដល់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងរថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលក្រុងមកដល់បាញ់ពន្លត់ទប់ស្កាត់បានទាន់ពេលវេលា មិនបណ្តាលឱ្យរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។

លោកបានបញ្ជាក់ថា ករណីឆេះនេះ មិនដឹងមូលហេតុច្បាស់លាស់នៅឡើយទេ គ្រាន់តែទទួលដំណឹងភ្លាមចេញមកអន្តរាគមន៍ភ្លាម ដែលឆេះនៅវេលាម៉ោង១៩.៣០នាទី រហូតដល់ម៉ោង២០.១៥នាទី ប្រើពេលជិត១ម៉ោងទើបអាចពន្លត់ឱ្យរលត់ទាំងស្រុងបាន១០០ភាគរយ។

គួរបញ្ជាក់ផងដែរថា នៅក្រុងប៉ោយប៉ែត នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤នេះ មានករណីឆេះកំពតព្រៃចំនួន២ដងហើយ ដែលត្រូវបានអាជ្ញាធរសមត្ថកិច្ចចុះពន្លត់បានទាន់ពេលវេលា មិនបណ្តាលឱ្យឆាបឆេះខូចខាតដល់ផ្ទះសំបែងប្រជាពលរដ្ឋនោះឡើយ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.