សិល្បៈជាតិ​៖ អតីត​ម្ចាស់​ពាន​ Cambodia’s Got Talent រដូវកាល​ទី​មួយ​ លោក យឿន ពិសី កាល​ពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​ ២០២៤ បាន​ចេញ​​មក​ប្រកាស​ចែក​ផ្លូវ​ជាមួយ​នឹង​ឧត្តម​ភរិយា​​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ រហូត​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។

រួមរស់​ជាមួយ​គ្នា​​រយៈ​ពេល​៣​ឆ្នាំ ពិសី និង​ភរិយា​ បាន​ចាប់​ដៃ​គ្នា​រៀប​អាពាហ៍ពិពាហ៍ ​និង​សាង​គ្រួសារ​កាល​ពី​ឆ្នាំ​២០២១ ដោយ​​មក​ដល់​ដើម​ឆ្នាំ​២០២៤​នេះ អ្នក​ទាំង​ពីរ​មាន​កូន​២​ជា​ចំណង​ដៃ​នៃ​អាពាហ៍ពិពាហ៍​។ គូស្វាមី​ភរិយា​មួយ​គូនេះ មិន​ដែល​ឃើញ​មាន​បញ្ហា​ទំនាស់ ឬ​ជម្លោះ​ណាមួយ​ឱ្យ​អ្នក​ផង​បាន​ដឹង​និង​ឮ​នោះ​ឡើយ​ អ្វី​ដែល​អ្នក​ជិត​ខាង​ដឹង​គឺ​សុភមង្គល​ និង​ការ​ចុះ​សម្រុង​គ្នា​ រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​។

យ៉ាង​ណា​មិញ​គូស្នេហ៍​ដែល​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ដទៃ​សរសើរ​និង​លួច​ច្រណែន​ បែរ​ជា​មាន​បញ្ហា​រហូត​ឈាន​ដល់​លែងលះ​គ្នា​ ដោយ​​ភាគី​ឪពុក យឿន ពិសី​ សុខ​ចិត្ត​ចិញ្ចឹម​ និង​ផ្ដល់​អាហារកិច្ច​ដល់​កូន​ៗ​រហូត​គ្រប់​អាយុ​១៨​ឆ្នាំ​ គឺ​ពិត​ជា​រឿង​មួយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ ក៏​ដូច​ជា​សាធារណជន​មាន​ការ​ងឿង​ឆ្ងល់​ជាពន់ពេក​។

ត្បិតថា យឿន ពិសី ​មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​បញ្ហា​រកាំរកូស​រហូត​ឈាន​ដល់​លែងលះ តែ​លោក​បាន​ធានា​អះអាងថា​លោក​នឹង​បន្ត​តួ​នាទី​ជា​ឪពុក​ រហូត​ដល់​កូន​ៗ​គ្រប់​អាយុ​១៨​ ឆ្នាំ​។ សូម​អាន​សំណេរ​របស់​ យឿន ពិសី​ ដូច​តទៅ ៖ «ខ្ញុំសង្ឃឹមថាគ្រប់យ៉ាងនិងរក្សាបាននូវសន្តិភាពផ្លូវចិត្តរៀងខ្លួនដោយគ្មានការដាក់សម្ពាធឬបិទសិទ្ធិឬតាមរំខានពីភាគីណាមួយទៀតឡើយខ្លឹមសារដែលខ្ញុំបង្ហោះនៅថ្ងៃនេះខ្ញុំសុំស្ងប់ស្ងាត់ចាប់ពីពេលនេះតទៅ ចំពោះរឿងគ្រួសារជីវិតជាប្ដីប្រពន្ធមួយនេះខ្ញុំសុំមិនបកស្រាយអ្វីច្រើនទៀតទេ ខ្ញុំបាទសូមអរគុណពុកម៉ែបងប្អូនដោយក្ដីគោរព»។

ទោះ​ជា​មាន​ការ​សោកស្ដាយ​ដែល​គូស្នេហ៍​ធ្លាប់​តែ​ផ្អែមល្ហែម​ និង​ស្អិត​ល្មួតជាមួយ​គ្នា បែរជា​ដើរ​ដល់​ផ្លូវ​បំបែក​ ប៉ុន្តែ​អ្នក​តាម​ដាន និង​គាំទ្រ នៅ​តែ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក​ទាំង​ពីរ​ ព្រោះ​មាន​តែ​បុគ្គល​ខ្លួន​ឯង​ប៉ុណ្ណោះទើប​ដឹង​ថា​អ្វី​ជា​អ្វី ដូច្នេះ​អ្នក​គាំទ្រ​សង្ឃឹម​ថា​ យឿន ពិសី ច្បាស់​ជា​គិតគូរ​យ៉ាង​ល្អិតល្អន់​ហើយ មុន​នឹង​ចេញ​សារ​មក​ប្រាប់​ពី​បញ្ហា​ជីវិត​របស់​ខ្លួន​ជា​សាធារណបែប​នេះ​។

Share.