ទីក្រុងសេអ៊ូល៖ មន្ទីរពេទ្យដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសអាសន្នពណ៌ក្រហមកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២២ ខែកុម្ភៈ) ខណៈគ្រូពេទ្យសិក្ខាកាមបានប្តេជ្ញាថា នឹងឈប់សម្រាកពីការងារ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការដំឡើងចំនួននិស្សិតប្រឡងចូលមហាវិទ្យាល័យវេជ្ជសាស្ត្រ ដោយជំនួសមកវិញនូវប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារប្រសើរជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ការតវ៉ាដោយក្រុមវេជ្ជបណ្ឌិតសិក្ខាកាមស្ទើរតែ២ភាគ៣ នៃប្រទេសនេះ បានចាប់ផ្តើមក្នុងសប្តាហ៍នេះ ដោយបានបង្ខំឱ្យមន្ទីរពេទ្យបង្វែរអ្នកជំងឺ និងលុបចោលនីតិវិធីរបស់រដ្ឋាភិបាល ដោយបង្កើនការភ័យខ្លាចអំពីការរំខានបន្ថែមទៀតដល់ប្រព័ន្ធវេជ្ជសាស្ត្រ ប្រសិនបើការតវ៉ានេះបន្តអូសបន្លាយ។

ទន្ទឹមនោះ ក្រសួងសុខាភិបាលបាននិយាយថា រហូតមកដល់ពេលនេះ មានវេជ្ជបណ្ឌិតជាង ៨,៤០០នាក់ បានផ្អាកបំពេញតួនាទីជាពេទ្យ ដែលចំនួននេះស្មើនឹងប្រហែល ៦៤ភាគរយនៃអ្នកស្នាក់នៅ និងគ្រូពេទ្យហាត់ការទាំងមូលនៅក្នុងប្រទេសកូរ៉េខាងត្បូង យ៉ាងណាម៉ិញ រដ្ឋាភិបាល​បាន​គំរាម​ចាប់​គ្រូពេទ្យ​ដែល​ដឹកនាំ​ការធ្វើបាតុកម្មនេះផងដែរ។

​ក្រុមគ្រូពេទ្យកំពុងតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួនសិស្សចូលរៀននៅសាលាវេជ្ជសាស្ត្រក្នុងគោលបំណងពង្រឹងប្រព័ន្ធថែទាំសុខភាពនៃសង្គម ដែលមានវ័យចំណាស់បំផុតមួយរបស់ពិភពលោក។ គ្រូពេទ្យ​និយាយ​ថា បញ្ហា​ចម្បង ​គឺ​ប្រាក់​ខែ និង​លក្ខខណ្ឌ​ការងារ ជាជាងការដំឡើងចំនួននិស្សិតពេទ្យ។

ក្រោមគោលបំណងរបស់រដ្ឋដើម្បីបង្កើនការថែទាំសុខភាពនៅតំបន់ដាច់ស្រយាល និងបំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងសង្គមវ័យចំណាស់ រដ្ឋាភិបាលកូរ៉េខាងត្បូងចង់បង្កើនចំនួនចូលរៀននៅក្នុងសាលាពេទ្យរហូតដល់ ៥,០០០នាក់ ចាប់ពីឆ្នាំសិក្សា២០២៥ ធៀបនឹង ៣,០០០នាក់នៅពេលបច្ចុប្បន្ននេះ ហើយបន្ទាប់មក នឹងបន្ថែមចំនួនសិស្សចូលរៀនរហូតដល់ ១០,០០០នាក់បន្ថែមទៀតនៅឆ្នាំ ២០៣៥។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ានិយាយថា កូរ៉េខាងត្បូងមានវេជ្ជបណ្ឌិតគ្រប់គ្រាន់រួចហើយ ដោយអំពាវនាវជំនួសវិញ ឱ្យគ្រូពេទ្យទទួលបានប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារប្រសើរជាងមុន ជាពិសេសសម្រាប់គ្រូពេទ្យឯកទេសក្នុងវិស័យសំខាន់ៗ ដូចជា ពេទ្យកុមារនិងឱសថសង្គ្រោះបន្ទាន់ មុនពេលជ្រើសរើសនិស្សិតពេទ្យបន្ថែមទៀត ៕

ប្រភព៖ CNA

Share.