ទីក្រុងប៉េកាំង៖ អាជ្ញាធរក្នុងតំបន់បាននិយាយនាថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) ថា មនុស្សយ៉ាងតិច ១៥នាក់បានស្លាប់ និង ៤៤នាក់ទៀតបានរងរបួសនៅក្នុងគ្រោះអគ្គិភ័យឆាបឆេះអគារស្នាក់នៅមួយកន្លែងក្នុងទីក្រុងណានជីង ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

អគ្គីភ័យបានឆាបឆេះនៅព្រឹកព្រលឹមថ្ងៃសុក្រ នេះ (ម៉ោងក្នុងស្រុក) ដោយមន្ត្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយមានការស៊ើបអង្កេតបឋមបង្ហាញថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅជាន់ទី១ នៃអគារជាកន្លែងមានកង់អគ្គិសនីជាច្រើនចតនៅទីនោះ។

អគារនេះមានទីតាំងស្ថិតនៅសង្កាត់ Yuhuatai នៃទីក្រុង Nanjing ដែលជាទីក្រុងមួយស្ថិតនៅចម្ងាយប្រហែល ២៦០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងសៀងហៃ។

បើតាមអាជ្ញាធរបាននិយាយថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃដដែល អគ្គីភ័យនោះត្រូវបានពន្លត់ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់នៅម៉ោង ២រសៀលថ្ងៃសុក្រ ខណៈសេវាសង្គ្រោះបន្ទាន់បានឱ្យដឹងថា រថយន្តពន្លត់អគ្គីភ័យចំនួន ២៥គ្រឿងត្រូវបានចល័តដើម្បីពន្លត់ភ្លើង។

ក្រុមមន្ត្រីបាននិយាយថា អ្នករងរបួសចំនួន ៤៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ដោយបន្ថែមថា ម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈម្នាក់ទៀតរបួសធ្ងន់ ហើយចំនួនអ្នកស្លាប់ក្នុងហេតុការណ៍នេះមាន ១៥នាក់។

ទន្ទឹមនោះ អភិបាលក្រុងណានជីង លោក Chen Zhichang បានចូលរួមរំលែកទុក្ខ និងសុំទោសដល់ក្រុមគ្រួសារជនរងគ្រោះដែលបានជួបហេតុការណ៍ដ៏រន្ធត់នេះផងដែរ៕

ប្រភព៖ CNA

Share.