«ក្ដី​ស្រលាញ់​ដែល​អ្នក​ផ្ដល់​ឱ្យ​» ភាពយន្ត​ខ្នាត​ខ្លី​កំពុង​តែ​ទទួល​បាន​ការ​និយម​គាំទ្របន្ទាប់​ពី​ ​បញ្ចេញ​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ក្នុង​ពេល​ថ្មីៗ​នេះ​។ លើស​ពី​តួឯក​ប្រុស និង​​​តួ​ឯក​ស្រី​ដែល​ធ្វើ​ឱ្យ​រឿង​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ ក្រុម​ការងារ​ផលិត​ក៏​ជាកម្លាំង​​ស្នូល​មួយ​ដ៏​សំខាន់ ប៉ុន្តែ​ក៏​មិន​អាច​ខ្វះ​​បាន​​គឺ​ ​អ្នក​និពន្ធ​ជា​មេគំនិត​ គិត​គូ​ឆ្អឹង​រឿង ​សាច់​រឿង​ ​​​និង​ហេតុការណ៍​ផ្សេងៗ ​ទើប​ធ្វើ​ឱ្យ​រឿង​ពេញ​លេញ​និង​សំបូរ​បែប​។

កញ្ញា ឈាង សុម៉ាលីន គឺ​ជា​អ្នក​និពន្ធ​មួយ​រូប​នៅ​ពី​ក្រោយ​សាច់​ ​រឿង​ស្នេហា​បែប​យុវវ័យ​ «ក្ដី​ស្រលាញ់​ដែល​អ្នក​ផ្ដល់​ឱ្យ​» ទាំង​វគ្គ​ទីមួយ​និង​វគ្គ​ទីពីរ​ ដែល​កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នាខណៈ​នេះ​។

អ្នក​​និពន្ធ​​វ័យ​​ក្មេង​​រូប​នេះ​ ធ្លាប់​​មាន​ស្នាដៃ​និពន្ធ​ទទួល​បាន​​​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​មិត្ត​អ្នក​អាន​​តាម​រយៈ​ស្នាដៃ​រឿង​ «ថ្ងៃ​អង្គារ​» ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បាន​ស្គាល់​មុខ​និង​ដឹង​ពី​សមត្ថភាព​របស់​ក្មេង​ស្រី​រូប​នេះ​ ព្រោះ​តែ​កញ្ញា​ជា​មនុស្ស​មាន​ភាព​អៀន​ខ្មាស​ច្រើន​។

តាម​ពិត​ ឈាង សុម៉ាលីន មាន​ការ​ងារ​ស្នូល​គឺ​ជា​បុគ្គលិក​ផ្នែក​ Digital Marketing ប៉ុន្តែ​ដោយសារ​តែ​ប្អូន​ស្រី​មាន​ទេពកោសល្យ​ ក្នុង​ការសរសេរ​និង​ធ្លាប់​មាន​ស្នាដៃ​សៀវភៅទើប​ធ្វើ​ឱ្យ​ប្រធាន​របស់​ប្អូន ប្រគល់​ការងារសហ​​និពន្ធ​បន្ថែម​ឱ្យ​ប្អូន​ទទួល​ខុស​ត្រូវ​​ ហើយ​ប្អូនក៏​មិន​បាន​ធ្វើ​ឱ្យ​ ប្រធាន​​ខ្លួន​អស់​សង្ឃឹម​​ដែរ​ ​ព្រោះ​ស្នាដៃ​​នេះ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ពិសេស​យុវវ័យ។

ដោយ​សារ​តែ​មាន​ឧបនិស្ស័យ​ស្រលាញ់​ការសរសេរ​តាំង​ពី​ក្មេង​ផង គួរ​ផ្សំ​នឹង​ជំនាញ​សិក្សា​ទំនាក់ទំនង​អន្តរជាតិ​ដែល​ប្អូនសិក្សា​មាន​វគ្គ​សរសេរ​ទើប​ធ្វើ​ឱ្យ​ប្អូន​យក​ឱកាស​នោះ​បង្វឹក​ជំនាញ​សរសេរ​របស់​ប្អូន​ឱ្យ​កាន់​តែ​ស្ទាត់​។ កញ្ញា​ ឈាង សុម៉ាលីន កំពុង​តែ​ត្រៀម​ចេញស្នាដៃ​​សៀវភៅ​ថ្មី​មួយទៀត​​មាន​ឈ្មោះ​ថា​ ​«កាល​យើង​អាយុ​១៨​ឆ្នាំ​» ឬ «When We were eighteen» ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ក្រៅ​ពី​សរសេរ​សៀវភៅ​ យុវតី​រូប​នេះ​ក៏​ធ្លាប់​មាន​ស្នាដៃ​សរសេរ​រឿង​ភាគ និង​ ​ភាពយន្ត​ខ្នាតខ្លី​​ផង​ដែរ នា​ពេល​កន្លង​មក​។​

កញ្ញា ឈាង សុម៉ាលីន ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​​មហោស្រព​អក្សរសិល្ប៍ខ្មែរ​ចំណាត់​ថ្នាក់​​លេខ​២ កាល​ពី​ឆ្នាំ​ ២០១៨​ ក្មេង​ស្រី​មាន​ដើម​កំណើត​​មក​ខេត្ត​កំពង់​ឆ្នាំង​​រូប​នេះ​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ពីវិទ្យាស្ថាន​ភាសាបរទេស​៕

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម៖

Telegram-Troryorng
Share.