ទីក្រុងស៊ីដនី៖ ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ Victoria របស់ប្រទេសអូស្ត្រាលី បានឆាបឆេះយ៉ាងខ្លាំងនាថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) ដោយអាជ្ញាធរបានចេញការជូនដំណឹងអំពីការជម្លៀសខ្លួនជាថ្មីក្នុងកម្រិតគ្រោះថ្នាក់ខ្ពស់បំផុតសម្រាប់អ្នកស្រុករាប់រយនាក់នៅភាគខាងលិចនៃរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ការព្រមានជាបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីមានការថមថយភ្លើងឆេះព្រៃមួយផ្សេងទៀត ដែលបានឆាបឆេះឡើងកាលពីដើមសប្តាហ៍នេះ ដែលបានសម្លាប់សត្វពាហនៈ បំផ្លាញទ្រព្យសម្បត្តិ និងបង្ខំមនុស្សជាង ២,០០០នាក់ចាកចេញពីទីប្រជុំជនភាគខាងលិច ហើយឆ្ពោះទៅកាន់ទីក្រុង Ballarat ចម្ងាយ ៩៥គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Melbourne។

ដោយឡែកភ្លើងឆេះព្រៃនាពេលនេះ កំពុងគំរាមកំហែងដល់ទីប្រជុំជនបទ Amphitheatre ដែលមានប្រជាជនរស់នៅប្រមាណជា ២២៣នាក់។

សារព័ត៌មាន Australian Broadcasting Corp បានរាយការណ៍នាថ្ងៃសៅរ៍ នេះថា ផ្ទះចំនួន៣ខ្នង និងអគារជាច្រើនត្រូវបានបំផ្លាញក្នុងសប្តាហ៍នេះ ដោយសារភ្លើងឆេះព្រៃនៅរដ្ឋ Victoria។ អ្នកពន្លត់អគ្គីភ័យប្រហែល ១,០០០នាក់ ឧទ្ធមាគចក្រជាង ៥០គ្រឿង បានរួមគ្នាបាញ់ពន្លត់ភ្លើង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសអូស្ត្រាលី កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់អាកាសធាតុ El Nino ដែលជាធម្មតា វាបណ្ដាលឱ្យកើតមានភ្លើងឆេះព្រៃ ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួត៕

ប្រភព៖ CNA

Share.