យោងតាមការចេញផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានសម្រេចបង្កើតពានរង្វាន់បាល់ទាត់មួយឈ្មោះថា «2024 FIFA Series» ដើម្បីអនុញ្ញាតឲ្យប្រទេសជាសមាជិករបស់ខ្លួនមួយចំនួនអាចប្រកួតប្រជែង ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានឈ្មោះប្រកួតទល់នឹងប្រទេសចំនួន៣ដែលមិនសូវលឺឈ្មោះពីទ្វីបអាហ្វ្រិក និងអាមេរិកខាងជើង។
ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល (អារ៉ាប៊ីសាអូឌីត A) ជាមួយក្រុមជម្រើសជាតិ គុយយ៉ាន (អាមេរិកខាងជើង), កាប់វែរ (អាហ្វ្រិកខាងលិច) និង អេក្វាទ័រហ្គីណេ (អាហ្វ្រិកកណ្តាល) ក្នុងពានរង្វាន់ FIFA Series 2024 ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅប្រទេសអារ៉ាប៊ីសាអូឌីត។
កម្មវិធីប្រកួត 2024 FIFA Series មានដូចជា៖
- ២១ មីនា ២០២៤ កាប់វែរ ប៉ះ គុយយ៉ាន
- ២២ មីនា ២០២៤ អេក្វាទ័រហ្គីណេ ប៉ះ កម្ពុជា
- ២៥ មីនា ២០២៤ កាប់វែរ ប៉ះ អេក្វាទ័រហ្គីណេ
- ២៦ មីនា ២០២៤ កម្ពុជា ប៉ះ គុយយ៉ាន។
តារាងចំណាត់ថ្នាក់ FIFA World Ranking ដែលកំណត់ដោយ FIFA ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នេះឃើញថា៖
- ប្រទេសកម្ពុជា មានមូលដ្ឋាននៅទ្វីបអាស៊ី ភាគអាគ្នេយ៍ ឈរលេខ១៧៩ពិភពលោក
- ប្រទេសកាប់វែរ ស្ថិតនៅខាងកើតទ្វីបអាហ្វ្រិក ក្នុងមហាសមុទ្រអាត្លង់ទិច ឈរលេខ៦៥ពិភពលោក
- ប្រទេសគុយយ៉ាន ស្ថិតនៅខាងជើងទ្វីបអាមេរិកខាងជើង ក្នុងមហាសមុទ្រអាត្លង់ទិច ឈរលេខ១៥៧ពិភពលោក
- ប្រទេសអេក្វាទ័រហ្គីណេ ស្ថិតនៅអាហ្វ្រិកកណ្តាល ឈរលេខ៧៩ពិភពលោក។
សូមបញ្ជាក់ថាចាប់តាំងពីបង្កើតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មកក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ប្រកួតទល់ក្រុមហ្គីណេ តែមួយគត់ដែលនៅក្រៅទ្វីបអាស៊ី ក្នុងឆ្នាំ១៩៦៦ គ្រាដែលកម្ពុជា ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡា GANEFO ក្រៅពីនោះការប្រកួតផ្លូវការរបស់ក្រុមជម្រើសជាតិគឺសុទ្ធសឹងតែប៉ះជាមួយក្រុមបណ្តាប្រទេសក្នុងទ្វីបអាស៊ី ទាំងអស់។
នេះគឺជាលើកទី២ហើយក្នុងប្រវត្តិសាស្រ្តដែលបាល់ទាត់ជម្រើសជាតិបុរសកម្ពុជា ត្រូវប្រកួតទល់នឹងក្រុមនៅក្រៅទ្វីបអាស៊ី៕