ភ្នំពេញ÷ បុរសម្នាក់រងរបួសស្រាល ត្រូវបានដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ក្រោយផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធ ហើយលោតពីលើផ្ទះជាន់ទី៣ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ច កាលពីវេលាម៉ោង ៩ៈ១៥នាទីយប់ ថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវ ១៦១ ក្នុងសង្កាត់ អូរឫស្សី ទី២ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុបុរសរងគ្រោះ បានជួបជុំផឹកសុីជាមួយមិត្តភក្ដិ ដោយអន់ចិត្តនឹងប្រពន្ធខ្លួន លុះផឹកស្រវឹងក៏ឡើងទៅលើផ្ទះស្រាប់តែស្រែកឡូឡា ឈ្លោះជាមួយប្រពន្ធបានមួយសន្ទុះ ក៏លោតពីលើផ្ទះជាន់ទី៣ រងរបួសស្រាលបង្ករការភ្ញាក់ផ្អើល ដល់អ្នកជិតខាងរាយការណ៍ ដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ បានធ្វើការសម្របសម្រួលឱ្យប្ដីប្រពន្ធត្រូវគ្នាវិញ ហើយបានហៅកង់បីដឹកបុរសរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ៕

អត្ថបទ៖ ត្រយង​តូច

Share.