នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២៤ នេះសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជានឹងត្រៀមប្រកួតពានរង្វាន់ FIFA Series ដោយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ជាមួយ​​ក្រុម​ជម្រើស​ជាតិ កាប់វែរ (Cape Verde), ប្រទេស​ (គុយយ៉ាន) Guyana និង​ប្រទេស (គីនេអេក្វាទ័រ) Equatorial Guinea។

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ ហៅ​កាត់​ថា FIFA បាន​បង្កើត​ពានរង្វាន់​បាល់ទាត់​ខ្នាត​តូច​ៗ​មួយ​ចំនួន​សម្រាប់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​​មួយ​ចំនួន ប្រកួត​ប្រជែង​ ដោយ​ហៅ​ឈ្មោះ​ថា​ FIFA Series ស្រប​ពេល​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា មាន​ឈ្មោះ​​ប្រកួត​ទល់​នឹង​ប្រទេស​ចំនួន​៣​ដែល​មិន​សូវ​លឺ​ឈ្មោះ។

ដូចនេះសារព័ត៌មានត្រយង សូមជម្រាបជូនពីក្រុមទាំង៣នោះដូចតទៅ៖

ទី១. ប្រទេសកាប់វែរ

ប្រទេសនេះស្ថិត​នៅ​ខាង​កើត​ទ្វីប​អាហ្វ្រិក ក្នុង​​មហាសមុទ្រ​អាត្លង់ទិច មានផ្ទៃដីសរុបចំនួន ៤, ០៣៣ គីឡូម៉ែ​ត្រ​​ការ៉េ ចម្ងាយពីកម្ពុជា ១៣៥,៦៩៦៧ km បច្ចុប្បន្នប្រទេសដែលនៅប្រជុំកោះមួយនេះ ប្រើប្រាស់ភាសារព័រទុយហ្គាល់ ក្រោយទទួលបានឯករាជទាំងស្រង់​ពីប្រទេសព័រទុយហ្គាល់ នៅឆ្នាំ១៩៧៥។ បច្ចុប្បន្នក្រុមបាល់ទាត់ជម្រើសជាតិកាប់វែរមានលោក Bubista ជនជាតិកាប់វែរ ជាគ្រូបង្វឹកកំពុងឈរ​លេខរៀងទី ​៦៥​ពិភពលោក។

ទី២. ប្រទេស​គីនេអេក្វាទ័រ

ប្រទេស​គីនេអេក្វាទ័រ ស្ថិត​នៅ​អាហ្វ្រិក​កណ្តាល មានផ្ទៃដីសរុបចំនួន ២៨,០៥០ គីឡូម៉ែត្រ​ការ៉េ ចម្ងាយពីកម្ពុជា ១០៤០៤ km។ ប្រទេស​គីនេអេក្វាទ័រ ប្រើប្រាស់ភាសា៣រួមគ្នា មានដូចជា ភាសាបារាំង ភាសារព័រទុយហ្គាល់ និងភាសារអេស្ប៉ាញ។ បច្ចុប្បន្នមានលោក Juan Michá ជនជាតិ​គីនេអេក្វាទ័រ ជាគ្រូបង្វឹក ឈរនៅលេខរៀងទី ៧៩​ពិភពលោកត្រូវប៉ះក្រុមកម្ពុជា នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤។

ទី៣. គុយយ៉ាន

ប្រទេសគុយយ៉ាន ស្ថិតនៅខាងជើងទ្វីបអាមេរិកខាង​​ជើង ក្នុងមហាសមុទ្រអាត្លង់ទិច មានផ្ទៃដីរសរុប 214,969 ចម្ងាយ ១៧៣៥៤ គីឡូម៉ែត្រពីប្រទេសកម្ពុជា។ បច្ចុប្បន្នមានលោក Jamaal Shabazz ជនជាតិអេស្ប៉ាញ ឈរនៅលេខរៀងទី​១៥៧ ពិភពលោក ជាគ្រូបង្វឹក ត្រូវប៉ះក្រុមកម្ពុជា នៅថ្ងៃ២៦ ខែមិនា ឆ្នាំ២០២៤។

សម្រាប់ក្រុមប្រទេស​កម្ពុជា មាន​មូលដ្ឋាន​នៅ​ទ្វីប​អាស៊ី​ ភាគ​អាគ្នេយ៍ កំពុងឈរ​លេខ ​១៧៩​ពិភពលោក។

សូម​បញ្ជាក់​ថា​ចាប់​តាំង​ពី​បង្កើត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ប្រកួត​ទល់​នឹងក្រុម​ហ្គីណេ តែ​មួយ​គត់​ដែល​នៅ​ក្រៅ​ទ្វីប​អាស៊ី ក្នុង​ឆ្នាំ​១៩៦៦ គ្រា​ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា GANEFO ក្រៅ​ពី​នោះ​ការប្រកួត​ផ្លូវការ​របស់​ក្រុម​ជម្រើស​ជាតិ​គឺ​​សុទ្ធ​សឹង​តែ​ប៉ះ​ជាមួយ​ក្រុម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ទាំង​អស់។

នោះ​​គឺ​ជា​លើក​ទី២​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​បាល់ទាត់​​ជម្រើសជាតិ​បុរស​កម្ពុជា ត្រូវ​​ប្រកួត​ទល់​នឹង​​ក្រុម​នៅ​ក្រៅ​ទ្វីប​អាស៊ី៕

Share.