ភ្នំពេញ ៖ នារីម្នាក់ខឹងសង្សារ បែជាឡើងទៅចងក គិតថាសម្លាប់ខ្លួន ស្រាប់តែដាច់កន្សែងដែលជាចំណង បណ្តាលឱ្យធ្លាក់រងរបួសចង្កេះ ផ្អើលក្រុមគ្រួសារ បងប្អូនលើកយកចូលក្នុងបន្ទប់វិញ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះ ក្រួច គន្ធី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៥ កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិព្រៃសំរោង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

បើតាមសាច់ញាតិបានឱ្យដឹងថា ជនរងគ្រោះមកស្នាក់នៅបន្ទប់ជួលខាងលើ៣នាក់បងប្អូន ហើយកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបានឈ្លោះគ្នាជាមួយសង្សារ លុះមកដល់ព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ បងប្អូន២នាក់បានចេញទៅធ្វើការងារអស់ហើយ នៅឡើយតែជនរងគ្រោះ ដេកនៅក្នុងបន្ទប់ម្នាក់ឯង ដោយប្រាប់បងប្អូនថាមិនស្រួលខ្លួន លុះរហូតដល់វេលាម៉ោង១១និង៣៥នាទី ព្រឹកថ្ងៃដដែល ស្របពេលដែលបងប្អូនចេញមករកហូបបាយ ស្រាប់តែប្រទះឃើញ នារីរងគ្រោះ ដេកនៅកៀនជញ្ជាំង ក្រោមជណ្តើរឡើងជាន់ទី១ទៅវិញ ដោយសារយកកន្សែងឡើងទៅចងកភ្ជាប់នឹងបង្កាន់ដៃ ស្រាប់តែដាច់កន្សែង ធ្លាក់ជនរងគ្រោះមកដី កម្ពស់២ម៉ែត្រ អុករងរបួសចង្កេះ ។

នារីរងគ្រោះ ក្រោយពីក្រុមគ្រួសារប្រទះឃើញ នាំគ្នាលើកចូលបន្ទប់ សួរនាំអ្វីក៏មិនឆ្លើយ គិតតែពីយំ រួចក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បីយកទៅពេទ្យ ៕

អត្ថ​បទ៖ តាតុងសែនជ័យ

Share.