ភ្នំពេញ ៖ បុរសម្នាក់លោតហក់ពីលើស្ពានព្រែកថ្លឹង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយដឹកបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្ពានព្រែកថ្លឹង ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមាន ឈ្មោះ ធី ដាវី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបររថយន្តដឹកដី មានទីលំនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ។

បើតាមសមត្ថកិច្ច ក្រោយពីចុះទៅពិនិត្យ ស្រាវជ្រាវ ឃើញថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម រួមដំណើរដោយ ឈ្មោះ ពេញ ពន្លឺ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តដឹកដី បានជិះម៉ូតូឌុបគ្នាដល់លើស្ពាន់ព្រែកថ្លឹង ស្រាប់តែមានបុរសម្នាក់ផ្សេងទៀត ជិះម៉ូតូZOOMER តាមពីក្រោយដល់ទន្ទឹម លូកដៃកាច់សោម៉ូតូរបស់ជនរងគ្រោះពន្លត់ ជាហេតុធ្វើឱ្យជនរងគ្រោះភ្ញាក់ លោតហក់ចុះពីលើស្ពាន បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បាក់ដៃ បាក់ជើង ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី បានស្លាប់ ចំណែកអ្នករួមដំណើរឈ្មោះ ពេញ ពន្លឺ បាត់រត់គេចខ្លួនបាត់។

តែបើតាមប្រភពមួយផ្សេងទៀត បានឱ្យដឹងថា មុនកើតហេតុ មានមនុស្សមួយក្រុម ឯកសណ្ឋានសុីវិល មានម៉ូតូ រថយន្ត តែគេសង្ស័យ ជាកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន ជិះប្រដេញតាមឃាត់ជនរងគ្រោះ ហើយគ្រាដែលជនរងគ្រោះព្យាយាមបើករត់ ដល់ចំណុចលើស្ពានព្រែកថ្លឹង មានម៉ូតូZOOMERមួយគ្រឿងដេញតាមទាន់ជនរងគ្រោះ ឃាត់ដកសោម៉ូតូ ហើយជនរងគ្រោះបក់លោតចុះពីលើស្ពានតែម្តង ឃើញដូច្នោះ មនុស្សមួហក្រុមនោះ នាំគ្នាគេចទៅបាត់អស់ ។ តែទោះជាយ៉ាងណាក្តី ការសន្និដ្ឋានរបស់នគរបាលខណ្ឌដង្កោ ថា ជនរងគ្រោះភ្ញាក់ ទើបលោតទម្លាក់ខ្លួនចុះពីលើស្ពាន ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ករណីខាងលើ ធ្វើឱ្យពលរដ្ឋរកសឹងតែមិនជឿ មកពីជនរងគ្រោះភ្ញាក់ បានលោតទម្លាក់ខ្លួនពីលើស្ពាន របួសរហូតដល់ស្លាប់ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.