ទីក្រុងសេអ៊ូល៖ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទ នេះថា អាជ្ញាធរនឹងចាប់ផ្តើមត្រួតពិនិត្យមន្ទីរពេទ្យ ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះគ្រូពេទ្យសិក្ខាកាម ដែលបានព្រងើយកន្តើយនឹងឱសានវាទ ដើម្បីបញ្ចប់ការដើរតវ៉ាជុំវិញផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួនសិស្សការចូលរៀននៅសាលាវេជ្ជសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។

ក្រុមវេជ្ជបណ្ឌិតដែលស្នាក់នៅ និងហាត់ការប្រហែល ៩,០០០នាក់ ឬប្រហែល ៧០ភាគរយនៃចំនួនសរុបរបស់ប្រទេស បានលាឈប់ពីការងារចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ និងបានផ្អាកប្រតិបត្តិការជួយសង្រ្គោះ និងព្យាបាលអ្នកជំងឺ ដោយបានធ្វើឱ្យនាយកដ្ឋានសង្រ្គោះបន្ទាន់នៅក្នុងប្រទេសមួយនេះមានភាពតានតឹង។

រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ព្រមាន​គ្រូពេទ្យ​ដែល​កំពុង​តវ៉ា ​ថា ពួកគេ​អាច​ប្រឈមមុខ​នឹង​ការ​ពិន័យ​ផ្នែក​រដ្ឋបាល និង​ផ្លូវច្បាប់ រួមទាំង​ការព្យួរ​អាជ្ញាប័ណ្ណ​វេជ្ជសាស្ត្រ និង​ការផាកពិន័យ ឬ​ជាប់ពន្ធនាគារ ប្រសិនបើ​ពួកគេ​មិន​ចូល​ធ្វើការ​វិញ​នៅ​ចុងខែ​កុម្ភៈ។

ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Cho Kyoo-hong បានប្រាប់សន្និសីទទូរទស្សន៍មួយថា «ចាប់ពីថ្ងៃនេះតទៅ យើងនឹងមានគម្រោងធ្វើការត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ ដើម្បីដឹងពីទិន្នន័យរបស់គ្រូពេទ្យសិក្ខាកាមដែលមិនបានត្រឡប់មកធ្វើការវិញ ដោយចាត់វិធានការតាមច្បាប់ និងគោលការណ៍ដោយគ្មានករណីលើកលែង។ សូមចងចាំថា គ្រូពេទ្យដែលមិនបានត្រឡប់មកវិញអាចជួបប្រទះបញ្ហាធ្ងន់ធ្ងរ នៅក្នុងផ្លូវអាជីពផ្ទាល់ខ្លួនរបស់ពួកគេ»។ លោក Choo បន្ថែមថា «ចំពោះក្រុមវេជ្ជបណ្ឌិតដែលចូលរួមការតវ៉ា ហើយត្រឡប់មកធ្វើការវិញ រដ្ឋាភិបាលនឹងពិចារណាលើករណីលើកលែង»។

ក្រោយមក អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Park Min-soo បាននិយាយថា «រដ្ឋាភិបាលនឹងចាត់វិធានការ ដើម្បីព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់គ្រូពេទ្យសិក្ខាកាមប្រមាណ ៧,០០០នាក់ ដែលបានចាកចេញពីការងាររបស់ពួកគេ»។

ជុំវិញបញ្ហានេះ ​​អ្នកជំងឺនៅខាងក្រៅមន្ទីរពេទ្យធំមួយក្នុងទីក្រុងសេអ៊ូល បានប្រាប់រ៉យទ័រថា ពួកគេមានការព្រួយបារម្ភអំពីផលប៉ះពាល់លើការព្យាបាល ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នានេះ ហើយបានអំពាវនាវឱ្យមានការពិភាក្សាដើម្បីធានាឱ្យមានដំណោះស្រាយឆាប់រហ័ស ខណៈអ្នកជំងឺផ្សេងៗមានការព្រួយពីបញ្ហាទាំងអស់នេះដែរ។

កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះ ក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងរាប់ពាន់នាក់ បានមកជួបជុំគ្នា ដែលការជួបជុំនេះបានរៀបចំដោយសមាគមគ្រូពេទ្យកូរ៉េ (KMA) ដែលតំណាងឱ្យអ្នកប្រកបរបរឯកជន ដោយប្រឆាំងនឹងការអំពាវនាវជាផ្លូវការឱ្យគ្រូពេទ្យដែលសិក្ខាកាមចូលធ្វើការវិញ។

ដោយឡែកសមាគមគ្រូពេទ្យពិភពលោក ដែលជាក្រុមតំណាងឱ្យគ្រូពេទ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា «ខ្លួនថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការប៉ុនប៉ងរារាំងសំឡេងគាំទ្ររបស់មេដឹកនាំជាប់ឆ្នោតនៅក្នុងសមាគមគ្រូពេទ្យកូរ៉េ»។

ក្នុងការតវ៉ានោះ ក្រុមគ្រូពេទ្យសិក្ខាកាមទាំងអស់បាននិយាយថា រដ្ឋាភិបាលគួរតែដោះស្រាយប្រាក់បៀវត្ស និងកែសម្រួលលក្ខខណ្ឌការងារជាមុនសិន មុននឹងព្យាយាមបង្កើនចំនួនគ្រូពេទ្យ។

ប៉ុន្ដែរដ្ឋាភិបាល បាននិយាយថា ផែនការបង្កើនចំនួនសិស្សចូលរៀននៅសាលាវេជ្ជសាស្ត្រចំនួន ២,០០០នាក់ ចាប់ពីឆ្នាំសិក្សា២០២៥ គឺចាំបាច់នៅក្នុងសង្គម។

បើតាមការស្ទាបស្ទង់មតិរបស់ Gallup Korea បានរកឃើញថា ផែនការជំរុញការចូលរៀននៅសាលាវេជ្ជសាស្រ្ដ មានការពេញនិយមពីសាធារណជន ដោយមានអ្នកឆ្លើយសំណួរប្រហែល ៧៦% គឺពេញចិត្ត ដោយមិនគិតពីទំនាក់ទំនងនយោបាយ។

ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់មួយចំនួនបានចោទប្រកាន់រដ្ឋាភិបាលក្រោមការដឹកនាំរបស់ប្រធានាធិបតី Yoon Suk Yeol ថា មិនបានពិគ្រោះយោបល់គ្រប់គ្រាន់ និងជ្រើសរើសការប្រយុទ្ធគ្នា លើបញ្ហាមុនការបោះឆ្នោតសភាក្នុងខែមេសា។

សូមជម្រាបថា ការដើរចេញពីការងារលក្ខណៈទ្រង់ទ្រាយធំបានធ្វើឱ្យប៉ះពាល់ដល់មន្ទីរពេទ្យ ខណៈការព្យាបាល និងការវះកាត់សំខាន់ៗ ត្រូវបានលុបចោល ដែលជំរុញឱ្យរដ្ឋាភិបាលបង្កើនការប្រុងប្រយ័ត្នផ្នែកសុខភាពសាធារណៈដល់កម្រិតខ្ពស់បំផុត៕

ប្រភព៖ CNA

Share.