សមាជិកសភាបារាំងបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងបញ្ជាក់ពីសិទ្ធិក្នុងការរំលូតកូននៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសបារាំង ក្នុងសម័យប្រជុំរួមនៃសភាទាំង២ នៅវិមាន Versailles កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤។

វិសោធនកម្មរដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតជាមួយនឹងសំឡេងគាំទ្រ ៧៨០ទល់នឹង៧២ ហើយសមាជិកស្ទើតែទាំងអស់បានឈរនៅក្នុងការបញ្ចេញមតិដ៏យូរនេះ។

ក្រោយការបោះឆ្នោត លោកប្រធានាធិបតីបារាំង Emmanuel Macron បានបង្ហោះសារអបអរសាទរជាមួយប្រជាជនទូទាំងប្រទេស នូវការដាក់បញ្ជូលសិទ្ធិសេរីភាពថ្មីមួយចំពោះស្រ្តី បន្ទាប់ពីការលុបចោលសិទ្ធិរំលូតកូននៅក្នុងសេចក្ដីសម្រេចរបស់តុលាការសហរដ្ឋអាមេរិក។

ការកែប្រែនេះធ្វើឱ្យប្រទេសបារាំង ក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលផ្តល់ការការពារច្បាស់លាស់សម្រាប់ការបញ្ចប់ការមានផ្ទៃពោះនៅក្នុងច្បាប់មូលដ្ឋានរបស់ខ្លួន។

សភាទាំង២ រដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តរួចហើយ នូវសេចក្តីព្រាងច្បាប់ ដើម្បីធ្វើវិសោធនកម្ម មាត្រា៣៤ នៃរដ្ឋធម្មនុញ្ញ ដើម្បីបញ្ជាក់សិទ្ធិរបស់ស្ត្រីក្នុងការរំលូតកូន គឺត្រូវបានធានាស្របច្បាប់។

យ៉ាងណាម៉ិញសេចក្តីសម្រេចឆ្នាំ២០២២ របស់តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានលុបចោលសេចក្ដីសម្រេច Roe v. Wade នោះវិញ ដោយទុកឱ្យសភាពក្នុងរដ្ឋនីមួយៗ ដាក់កំហិតលើការបញ្ចប់ភាពមានផ្ទៃពោះរៀងៗខ្លួន ដោយរដ្ឋជាច្រើនរបស់អាមេរិកបានហាមឃាត់ការរំលូតកូន។

ប៉ុន្ដែជាលទ្ធផល ព្រឹត្តិការណ៍នេះនៅមិនទាន់ចប់ ខណៈប្រទេសជាច្រើន សូម្បីតែនៅក្នុងទី្វបអឺរ៉ុប ក៏ព្យាយាមរារាំងដល់សេរីភាពរបស់ស្រ្តីក្នុងការបញ្ចប់ការមានផ្ទៃពោះរបស់ពួកគេបាន ប្រសិនបើពួកគេចង់។

ចំណែកនៅប្រទេសបារាំង ការរំលូតកូន គឺជារឿងស្របច្បាប់ចាប់តាំងពីឆ្នាំ១៩៧៤មកម្ល៉េស ពោលគឺអនុញ្ញាត​ឱ្យបញ្ចប់ការមានផ្ទៃពោះក្នុងរយៈពេល ១៤សប្ដាហ៍ បើតាមការស្ទង់មតិបានបង្ហាញថា ជនជាតិបារាំង ៨០% បានគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញនេះ៕

ប្រភព៖ Aljazeera

Share.