ក្រុមឧទ្ទាមតាលីបង់ជានរណា? ក្រុមតាលីបង់ គឺជាក្រុមឧទ្ទាមឥស្លាមជ្រុលនិយម ដែលបច្ចុប្បន្នមានមូលដ្ឋានធំ នៅក្នុងតំបន់ភ្នំជាប់សងខាងព្រំប្រទល់ នៃប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ហើយក្រុមនេះបានធ្វើការវាយប្រហារ បង្កបញ្ហាជាច្រើននៅក្នុងប្រទេសទាំង២នេះ។ ក្រុមតាលីបង់ត្រូវបានបង្កើតឡើងនៅឯភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន ដោយលោក មុលឡោះ មហាំម៉ាត់ អ៊ូមើរ ដែលជាមេដឹកនាំកំពូលរបស់ក្រុមតាលីបង់ ហើយក្រុមសកម្មប្រយុទ្ធរបស់ពួកគេត្រូវបានប្រមូលចេញពីក្រុម មូចាហ៊ីឌីន។

ក្រុមឧទ្ទាមនេះ មានដើមកំណើតដំបូងចេញពីក្រុម មូចាហ៊ីឌីន (Mujahideen) ដែលជាក្រុមឧទ្ទាមគាំទ្រដោយសហរដ្ឋ​អាមេរិក និង​​សម្ព័ន្ធមិត្ត ជាពិសេស ប៉ាគីស្ថាន និង​អារ៉ាប៊ីសាអ៊ូឌីត ក្នុងការ​ប្រយុទ្ធតទល់​នឹង​កងកម្លាំង​​របស់សហភា​សូវៀត ដែល​មាន​វត្តមាន​ក្នុង​​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ក្នុង​​ចន្លោះ ពី​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ​១៩៨៩ ពោលគឺ ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។

ក្រោយពេលដែលសហភាពសូវៀតដកទ័ពចេញពីអាហ្វហ្កានីស្ថាននៅដើមទសវត្សរ៍ឆ្នាំ ៩០ ក្រុមឧទ្ទាមមូចាហ៊ីឌីនក៏ត្រូវបែកខ្ញែកជាក្រុមផ្សេងៗគ្នា ហើយក្រុមតាលីបង់ក៏លេចមុខឡើង ចេញពីក្រុមមូចាហ៊ីឌីន ដែលទទួលបានការហ្វឹកហ្វឺនពីសំណាក់ប្រទេសប៉ាគីស្ថាន ដោយផ្ដល់គ្រឿងសព្វាវុធ តាមរយៈទីភ្នាក់ងារចារកិច្ចប៉ាគីស្ថាន (ISI) ហើយមូលដ្ឋានធំដំបូងរបស់ក្រុមនេះនៅតំបន់ប៉ែកខាងជើងប្រទេសប៉ាគីស្ថាន។

គោលបំណងរបស់ប៉ាគីស្ថានគឺ ចង់យកពួកតាលីបង់ធ្វើជាកូនចៅ ដើម្បីគ្រប់គ្រងអាហ្វហ្កានីស្ថានបន្តពីសហភាពសូវៀត ប៉ុន្ដែគោលបំណងនេះមិនបានក្លាយជាការពិតនោះទេ។នៅ​ឆ្នាំ​១៩៩៤ ដោយ​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ពី​សំណាក់​ទីភ្នាក់ងារចារកិច្ច​ប៉ាគីស្ថាន និង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សំណាក់​អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំង​ឆ្លៀត​ក្នុង​ឱកាស​​ដែល​អាហ្វហ្កានីស្ថាន​កំពុង​ស្ថិត​ក្នុង​ភាព​អនាធិបតេយ្យ ដោយ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ក៏​មិន​អាច​គ្រប់គ្រង​ប្រទេស​បាន​ពេញដៃ​ពេញជើង ចំណែក​ឯ​អតីត​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន​ក៏កំពុងតែ​ប្រកាប់​ប្រចាក់​គ្នាឯង ក្រុម​តាលីបង់​ក៏​បាន​ក្លាយ​ទៅជា​កម្លាំង​ឧទ្ទាម​ដ៏ធំ​មួយ​ ដែល​បាន​ច្បាំង​ពង្រីក​ទឹកដី​កាន់តែ​ធំ ពី១ថ្ងៃ​ទៅ១​ថ្ងៃ រហូត​ឈាន​ទៅ​វាយ​ដណ្តើម​កាន់កាប់​រដ្ឋធានី​កាប៊ុល នៅ​ឆ្នាំ​១៩៩៦។ ក៏ប៉ុន្តែ រដ្ឋាភិបាល​តាលីបង់​មិន​ត្រូវបាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​នោះទេ ហើយ​ប៉ាគីស្ថាន គឺ​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​តែ ៣គត់ ដែល​ទទួលស្គាល់​រដ្ឋាភិបាល​តាលីបង់​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់ នៅ​អាហ្វហ្កានីស្ថាន។ ប្រទេស២ទៀត ដែល​ទទួលស្គាល់​រដ្ឋាភិបាល​តាលីបង់ គឺ​អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់រួម។

បើទោះបីជា​មាន​ការ​ទទួលស្គាល់ដោយ​ប្រទេស​តែ​៣​ក៏ដោយ ពួកតាលីបង់​នៅតែ​អាច​បន្ត​កាន់​អំណាច​បាន​ជាច្រើនឆ្នាំ ដោយ​បាន​អនុវត្ត​​ច្បាប់​អ៊ីស្លាម​យ៉ាងតឹងរ៉ឹង​បំផុត​។ ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៀត គឺ​ក្រុមនេះមានទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ រវាង​ពួកតាលីបង់ និង​​អូសាម៉ា បិនឡាដិន មេដឹកនាំ​ក្រុម​ភេរវជន​អន្តរជាតិ​អាល់កៃដា។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ក្រុម​ឧទ្ទាម​តាលីបង់ នៅតែ​អាច​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង បង្ក​បញ្ហា​អសន្តិសុខ នៅ​ស្ទើរតែ​ពាសពេញ​ទឹកដី​អាហ្វហ្កានីស្ថាន ពេលនេះក្រុមតាលីបង់កំពុងតែកាន់កាប់វិមានប្រធានាធិបតីនៅទីក្រុងកាប៊ុល ហើយក្រុមនេះកំពុងតែត្រៀមបង្កើតសាសនាឥស្លាមថ្មីមួយទៀតផងដែរ។ ក្រុមតាលីបង់បានវាយប្រហារ សូម្បី​តែប្រទេស​ប៉ាគីស្ថាន ដែល​ធ្លាប់​ជា​អ្នក​ជួយ​​ហ្វឹកហ្វឺន និង​ជ្រោមជ្រែង​កាល​ពីមុន​នោះ ក៏​ត្រូវ​ពួក​តាលីបង់​ធ្វើការ​វាយប្រហារ​ជា​ញឹកញាប់​ដែរ ហើយ​ជាទូទៅ រាល់​សកម្មភាព​វាយប្រហារ​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន តែងតែ​ត្រូវ​បាន​ក្រុម​តាលីបង់​អះអាង​ថា ជា​ការ​សងសឹក​ទៅនឹង​​រដ្ឋាភិបាល​​ក្រុង​អ៊ីស្លាម៉ាបាត ដែល​សហការ​ជាមួយ​អាមេរិក ក្នុងការ​វាយប្រហារ​ទៅលើ​ទីតាំង​របស់ពួកគេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បរទេសមួយបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ២៧ ខែ តុលា ឆ្នាំ ២០២០ មានការបផ្ទុះគ្រាប់បែកនៅសាលារៀនបែបសាសនាឥស្លាម ភាគខាងជើងប្រទេសប៉ាគីស្ថាន ដែលបណ្ដាលកុមារ ៧នាក់ស្លាប់ និង ច្រើនជាង ៨០នាក់ផ្សេងទៀតរងរបួស។​

បច្ចុប្បន្ន​នេះ នៅ​ពេល​ដែល​អាមេរិក​កំពុង​ត្រៀម​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន អ្នក​ជំនាញ​ជាច្រើន​យល់ថា ការ​ចរចា​ជាមួយ​នឹង​ពួក​ឧទ្ទាម​តាលីបង់ គឺ​ជា​ផ្លូវ​ដែល​មិន​អាច​ចៀសរួច ដើម្បី​ឆ្ពោះទៅ​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​នៅ​អាហ្វហ្កានីស្ថាន ក៏ដូចជា នៅ​ប៉ាគីស្ថាន៕

អត្ថបទ៖ ស្រាវជ្រាវ

Share.