ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យបង្កើនការត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាម បន្ទាប់ពីបានត្រួតពិនិត្យកងទ័ពនៅឯមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់មួយនៅភាគខាងលិចរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) មិនបានបង្ហាញពីទីតាំងនៃមូលដ្ឋានកងទ័ពនោះ នៅក្នុងរបាយការណ៍របស់ខ្លួននាថ្ងៃព្រហស្បតិ៍ នេះទេ។

យោងតាម ​​KCNA មេដឹកនាំកូរ៉េខាងជើងបាននិយាយថា «យោធាត្រូវតែស្វាហាប់ ពង្រឹង និងបង្កើនការប្រុងជើងការកម្រិតខ្ពស់បំផុតសម្រាប់សង្រ្គាម ស្របទៅតាមតម្រូវការនៃស្ថានភាពដែលកំពុងមាន»។ លោកបានបន្ថែមថា «កងទ័ពរបស់យើងគួរតែ… បង្កើនការធ្វើសមយុទ្ធសង្រ្គាមជាក់ស្តែង សំដៅធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័ស នូវសមត្ថភាពប្រយុទ្ធរបស់ខ្លួន សម្រាប់ការត្រៀមខ្លួនសង្រ្គាមដ៏ល្អឥតខ្ចោះ»។

ដំណើរ​ទស្សនកិច្ច​ទៅត្រួតពិនិត្យកងទ័ពនៅមូលដ្ឋានប្រតិបត្តិការយោធានៅភាគខាងលិចនៃប្រទេស របស់​លោក​គីម​ បាន​ធ្វើ​ឡើង​ខណៈ​កង​កម្លាំង​មក​ពី​សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង ​បាន​បន្ត​សមយុទ្ធ​យោធា​រួមគ្នាទ្រង់ទ្រាយ​ធំ​ Freedom Shield ប្រចាំឆ្នាំកាលពីថ្ងៃទី៤ ខែមីនា ក្នុងទឹកដីរបស់កូរ៉េខាងត្បូង។ សមយុទ្ធយោធារួមគ្នានេះ ត្រូវបានគេរំពឹងថា នឹងកងទ័ពចូលរួមកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន ដោយមានសមយុទ្ធស្ទាក់ចាប់កាំជ្រួច ការទម្លាក់គ្រាប់បែក ការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់ពិត។

យ៉ាងណាម៉ិញ កូរ៉េខាងជើង បានថ្កោលទោសសមយុទ្ធយោធារួមគ្នារបស់អាមេរិក និងកូរ៉េខាងត្បូង ជាយូរយារណាស់មកហើយ ដោយអះអាងថា «ការហាត់សមរបស់ពួកគេ គឺសម្រាប់ការលុកលុយ និងបានធ្វើតេស្តអាវុធជាការឆ្លើយតបទៅនឹងសមយុទ្ធពីមុន»។

សូមជម្រាបថា កាល​ពី​ថ្ងៃ​ចន្ទ សប្ដាហ៍នេះ សារព័ត៌មានរដ្ឋ KCNA បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​សម្រាប់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង ​ដោយជំរុញ​ឱ្យ​ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​ដោយ​មិន​ប្រុងប្រយ័ត្ន និង​«ការ​ធ្វើ​សម​យុទ្ធ​សង្គ្រាម​ដ៏​ឆ្កួត​លីលា»៕

ប្រភព៖ Aljazeera

Share.