បុរសអាយុ ៩០ឆ្នាំម្នាក់បានក្លាយជាអ្នកស្លាប់ដោយសារការឆ្លងមេរោគកូវីដ១៩ ជាលើកដំបូងនៅក្នុង​ប្រទេសសិង្ហបុរី បន្ទាប់ពីចាក់វ៉ាក់សាំងរួចគ្រប់ដូស។

កាលពីថ្ងៃអង្គារ ទី ១៧ ខែ សីហា ឆ្នាំ ២០២១ ម្សិលម៉ិញ ក្រសួងសុខាភិបាលនៅក្នុងប្រទេសសិង្ហបុរីបានប្រកាសថា​ ប្រទេសរបស់ខ្លួនមានករណីស្លាប់ដោយការឆ្លងមេរោគកូវីដ ជាលើកដំបូងបើទោះបីជាអ្នកស្លាប់ម្នាក់នោះបានចាក់វ៉ាក់សាំងគ្រប់ដូសរួចក៏ដោយ។​

បុរសវ័យចំណាស់នេះ មានរោគសញ្ញានៅថ្ងៃទី ២៩ ខែកក្កដា ហើយបានធ្វើតេស្តិ៍វិជ្ជមាន Covid-19 នៅថ្ងៃទី ១ ខែសីហា  ស្របពេលក្រុមគ្រូពេទ្យកំពុងធ្វើតេស្តតាមសហគមន៍។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១។

នៅថ្ងៃទី ២ ខែសីហា គាត់មានអាការៈពិបាកដកដង្ហើម និងវិលមុខហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ តាន់តក់សេង ជាកន្លែងដែលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតធ្ងន់។

ក្រសួងសុខាភិបាលបាននិយាយថា គាត់បានចាក់វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ -១៩ យ៉ាងពេញលេញ ប៉ុន្តែគាត់មានវ័យចំណាស់ និងមានប្រវត្តិជំងឺរលាកតំរងនោមរ៉ាំរ៉ៃ និងលើសឈាម ទើបវ៉ាក់សាំងមិនអាចការពារគាត់បានគ្រប់គ្រាន់ ហេតុដូច្នេះគាត់គឺជាក្រុមដែលងាយប្រឈមនឹងហានិភ័យខ្ពស់បំផុត។

ក្រសួងសុខាភិបាលបានប្រកាសថា បុគ្គលដែលបានចាក់វ៉ាក់សាំងពេញលេញស្ទើរតែទាំងអស់គឺមិនទទួលរងនូវជំងឺធ្ងន់ធ្ងរទេនៅពេលឆ្លងមេរោគកូវីដ លុះត្រាតែពួកគេមានជំងឺប្រចាំកាយទើបមានអត្រាឆ្លងខ្ពស់។ ប្រទេសសិង្ហបុរីបានចាក់វ៉ាក់សាំងគ្រប់ចំនួន ២ដូស ជួូនប្រជាជនរបស់ខ្លួនចំនួន ៧៦% ខណៈមនុស្សចំនួន ៨២%ទៀត បានចាក់វ៉ាក់សាំងបានត្រឹមតែ ១ដូស។

បច្ចុប្បន្នប្រទេសសិង្ហបុរីមានករណីឆ្លងមេរោគកូវីដសរុបចំនួន ៦ម៉ឺន៦ពាន់នាក់ជាង និង អ្នកស្លាប់សរុបចំនួន ៤៥នាក់ ខណៈប្រទេសនេះព្យាបាលអ្នកជំងឺកូវិដ១៩ ជាសះស្បើយចំនួនជាង ៦៥ម៉ឺននាក់ និងមានមនុស្សត្រឹមតែ ១ម៉ឺន១ពាន់២រយ៣០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Telegram-Troryorng

Share.