បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានបញ្ជូនទៅតុលាការ បន្ទាប់ពីយកកាំបិតខ្វាវកាប់បុរសម្នាក់​បណ្តាលឱ្យរបួស នៅចំណុចភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង០៥និង១០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

ជនសង្ស័យឈ្មោះ នឹម សុខធិ (តឿ) ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ រយៈពេល០១ឆ្នាំ ម្តងរួចមកហើយ ពាក់ព័ន្ធករណីហិង្សា។

តាមលោកវរសេនីយ៍ ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានទិញស្រា ផឹកអស់ចំនួន០១លីត្រ ហើយបានយកកាំបិតខ្វែវ ទៅរកជីកទំពាំងនៅក្នុងភូមិ ស្រាប់តែ បានជួបជាមួយជនរងគ្រោះ ហើយបានឈ្លោះ ប្រកែកគ្នា ខណៈនោះជនរងគ្រោះបានស្ទុះមកវាយ លេីជនសង្ស័យ ភ្លាមៗជនសង្ស័យ បានកាប់ទៅលើជនរងគ្រោះចំនួន០១កាំបិត ត្រូវចំចិញ្ចើមខាងឆ្វេងតែម្តង រួចបានយកកាំបិតទៅទុកនៅផ្ទះរបស់ខ្លួន។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត  បានចុះឃាត់ខ្លួនជនសង្ស័យ នាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដេីម្បីសួនាំ និងចាត់ការតាមនីតិវិធី។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា រូបខ្លួនពិតជាបានប្រេីប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងកា រិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ប៉ោយប៉ែត

Share.