ហ្សាការតា៖ បើតាមក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនានេះ ថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបាននាំមកនូវទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី ដោយបង្ខំឱ្យមានការជម្លៀសមនុស្សជាង ៧៥,០០០នាក់ ខណៈគ្រោះធម្មជាតិនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦នាក់ និង ១១នាក់ទៀតបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤។

គ្រោះមហន្តរាយចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងទីរួមខេត្ត Padang និងតំបន់ចំនួន ៨ផ្សេងទៀត បានបំផ្លាញផ្ទះជិត ៧០០ខ្នង ស្ពាន និងសាលារៀនជាច្រើនកន្លែង និងដីស្រែចំនួន ១១៣ហិកតាត្រូវជន់លិច។

មន្ត្រីមកពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយកោះស៊ូម៉ាត្រាខាងលិច បានប្រាប់ AFP តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា «គិតត្រឹមថ្ងៃទី១១ ខែមីនា នេះ មនុស្ស ២៦នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយមនុស្ស ១១នាក់នៅតែបាត់ខ្លួន»។ មន្រ្តីរូបនេះបាននិយាយថា ភូមិមួយស្ថិតនៅលើភ្នំមួយក្នុងសង្កាត់ Sutera ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយមានប្រជាជនប្រហែល ២០០គ្រួសារនៅក្នុងតំបន់នេះ បានជម្លៀសចេញ បន្ទាប់ពីមានការរអិលបាក់ដីហើយបន្ទាប់មកមានទឹកជំនន់វាយប្រហារភ្លាមៗ។ ភ្លាមៗ មន្ត្រី​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​មាន​១៨​នាក់ និង​បាត់​ខ្លួន​៥​នាក់។

បើតាមមន្ត្រីស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ លោក Abdul Malik បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈដែលអាជ្ញាធរបានផ្តោតលើប្រតិបត្តិការរបស់ពួកគេលើតំបន់ចំនួន៣ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។ លោក បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការស្វែងរកថ្ងៃនេះ មានការចូលរួមពីបុគ្គលិក ១៥០នាក់មកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៅស៊ូម៉ាត្រាខាងលិច»។

លោក Doni Gusrizal មន្ត្រីជាន់ខ្ពស់មកពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយនៅតំបន់ Pesisir Selatan បាននិយាយថា ទឹកបានចាប់ផ្តើមស្រកចុះហើយ ប៉ុន្តែបានបន្ថែមថា ការចូលទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយការរអិលបាក់ដីនៅតែពិបាកដោយសារតែនៅតំបន់ដីភ្នំ។

ជាមួយនឹងភ្លៀងធ្លាក់បន្ថែមទៀតដែលរំពឹងទុកថា នឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ទីភ្នាក់ងារបានព្រមានអំពីការខូចខាតបន្ថែមទៀតពីទឹកជំនន់ និងការរអិលបាក់ដី។

គួរបញ្ជាក់ថា រដូវវស្សារបស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមនៅក្នុងខែមករា ខណៈទីភ្នាក់ងារឧតុនិយម BMKG បានព្យាករណ៍ថា នឹងមានការកើនឡើងខ្ពស់បំផុតក្នុងត្រីមាសទីមួយ ជាពិសេសនៅលើកោះជ្វា និងកោះស៊ូម៉ាត្រា៕

ប្រភព៖ CNA

Share.