ទីក្រុងប៉េកាំង៖ ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ឧប្បត្តិហេតុអណ្តូងរ៉ែធ្យូងថ្ម ២កន្លែងផ្សេងគ្នាបានសម្លាប់មនុស្ស ១២នាក់នៅក្នុងប្រទេសចិន ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ឧបទ្ទវហេតុចុងក្រោយបង្អស់កើតឡើង បន្ទាប់ពីរដ្ឋាភិបាលថ្មីៗនេះ បានកែសម្រួលច្បាប់សុវត្ថិភាពការរុករករ៉ែក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។

ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយនាថ្ងៃអង្គារ ថា ការដ្ឋានធ្យូងថ្មក្រោមដីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយនៅក្នុងតំបន់ Zhongyang ខេត្ត Shanxi បានដួលរលំនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ (ទី១១ ខែមីនា) ដោយបានសម្លាប់មនុស្ស ៥នាក់ និងបាត់ខ្លួន២នាក់។ ការដ្ឋាននេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Taoyuan Xinlong Coal Industry Co Ltd ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត។

គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៅក្នុងខេត្ត Shanxi កើតឡើងបន្ទាប់ពីនិយតករសុវត្ថិភាពការជីកយករ៉ែរបស់ខ្លួនបានចេញសេចក្តីជូនដំណឹងមួយកាលពីខែមុន ដោយប្រាប់ឱ្យក្រុមហ៊ុនអណ្តូងរ៉ែ ទប់ស្កាត់ការផលិតលើសទម្ងន់ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ។

ទូរទស្សន៍ CCTV បានរាយការណ៍កាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា ដោយឡែកមនុស្ស ៧នាក់ក៏ត្រូវបានរកឃើញស្លាប់ និង២នាក់បាត់ខ្លួន បន្ទាប់ពីការផ្ទុះឧស្ម័ននៅឯអណ្តូងរ៉ែធ្យូងថ្ម Huaihe Energy ក្នុងខេត្ត Anhui ភាគខាងកើតរបស់ប្រទេសចិន។

នៅឆ្នាំ២០២៣ ប្រទេសចិនបានជួបឧបទ្ទវហេតុអណ្តូងរ៉ែធ្យូងថ្មយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យរដ្ឋបាលសុវត្ថិភាពអណ្តូងរ៉ែរបស់ប្រទេសនេះ កែប្រែច្បាប់ដែលមានស្រាប់ ដោយមន្ត្រីម្នាក់បាននិយាយថា មាន «បញ្ហាលេចធ្លោឧស្ម័ន» ខណៈគ្រោះ​ថ្នាក់​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​ បណ្ដាលឱ្យមនុស្សស្លាប់​មិន​មែន​ជា​រឿង​កម្រ​ នៅក្នុង​ប្រទេស​ចិន​ទេ។

កាលពីខែមុន មនុស្ស ១០នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុមួយនៅទីក្រុង Pingdingshan ភាគកណ្តាលប្រទេសចិន ដែលជំរុញឱ្យមានការត្រួតពិនិត្យសុវត្ថិភាពដោយអាជ្ញាធរក្នុងតំបន់៕

ប្រភព៖ CNA

Share.