កាល​ពីពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុនចម្រៀង​ AKASA MUSIC បានប​ញ្ចេញ​បទ​ចម្រៀង​ថ្មី៣ បទ ៣រសជាតិ ពី​ស្នាដៃ​អ្នក​និពន្ធ​ល្បី ​៣រូប​ ក៏​ដូចជាណែនាំ​ តារា​ចម្រៀង​ថ្មី​ដែល​មិន​ត្រឹម​តែ​មាន​ទឹក​ដមសំឡេង​ពីរោះ រីឯរូប​សម្រស់ទៀតសោត​ក៏ ស្រស់​សោភា​ មិន​ចាញ់បវរកញ្ញ នៅ​ក្នុង​ផលិតកម្ម​ចម្រៀង​របស់​ខ្លួន​គឺ​កញ្ញា​ ពេជម្នី សេលីណា។ គ្រាន់តែចេញ​ចម្រៀង​​ភ្លាម​ ចំប៉ីសៀមរាប​រូប​នេះ​បាន​ឆក់​យក​ដួង​ចិត្តបេះដូង​អ្នក​ស្ដាប់​ឱ្យ​លង់ទៅ​នឹង​ទឹកដមសំឡេងរបស់​កញ្ញា។ ថ្លែង​នៅ​ក្នុង​វីដេអូ​ប្រូម៉ូត​​ខ្លី​មួយ​ សេលីណា បាន​ឱ្យ​ដឹង​ថាកំពូល​តារា​ចម្រៀង​ ឱក សុគន្ធ​កញ្ញា គឺ​ជា​អាយដល​របស់​​ខ្លួន​​ ដោយ​យុវតី​រូប​នេះ​បាន​បង្ហាញ​ពី​ក្ដី​រំភើប​ដែល​បាន​បកស្រាយ​បទ​ចម្រៀង​និពន្ធ​ដោយ​លោក​ សុខ ចាន់ផល ព្រោះ​លោក​គឺជា​ម្ចាស់ស្នាដៃ​និពន្ធ​បទ​ចម្រៀង​ពីរោះៗ​និង​ល្បីល្បាញ​ជា​ច្រើន​បទ​របស់អ្នក​នាង​ ឱក សុគន្ធកញ្ញា។

ងាក​មក​លោក សុខ ចាន់ផល ឯណេះវិញ​ ក្រោយ​សម្ងំ​បាត់​មុខ​ឈឹង​ពី​ការ​និពន្ធ​បទ​ចម្រៀង​  ទៅ​ផ្តោត​លើ​ការ​សរសេរ​សៀវភៅ និងនិពន្ធអត្ថបទភាពយន្ត លោក​បាន​ត្រលប់​មក​បញ្ចេញ​ទឹកដៃ​សរសេរ​ចម្រៀង​ជា​ថ្មី​ នៅ​ក្នុង​ក្រុម​ហ៊ុន​ចម្រៀង អាកាស ម្ញូសិក​។ ឆ្លើយតបនឹង​សំណូមពរ​អ្នក​គាំទ្រ​ដែល​ទន្ទឹងរងចាំ ​ស្នាដៃ​ថ្មី​របស់​លោក​ បទ «ឈប់​សម្ដែង​» រៀបរាប់ពីសាច់រឿងស្នេហាមួយ​ដែលបន្សល់នូវ​អារម្មណ៍អួលអាក់ ព្រោះ​ស្នេហា​ចប់​ដូច​មិនចប់​ ធ្វើឱ្យ​អារម្មណ៍​​​នៅ​មិនទាន់ដាច់​ស្រេច។ យ៉ាងណាមិញ​ក្រោយ​សំរាក​លែង​និពន្ធ​បទ​ចម្រៀង​យូរ បន្ទាប់​ពី​ត្រលប់មក​ចាប់​ប៊ិចសរសេរប៉ារ៉ូលចម្រៀងដំបូង​នេះ​ លោក​ទទួល​ស្គាល់​ថា​អារម្មណ៍ជា​អ្នក​និពន្ធ​ហាក់​កំពុង​ដង្ហើយហៅលោក។

សូម​ជម្រាប​ជូន​ថា​កញ្ញា ពេជម្នី សេលីណា បាន​ចេញ​បទ​ចម្រៀង​ថ្មី​៣បទ​ហើយ​ នៅក្នុង​ក្រុមហ៊ុន​ចម្រៀង​អាកាសាម្ញូសិក ដែល​សុទ្ធសឹងជា​ស្នាដៃ​និពន្ធ​របស់​អ្នក​និពន្ធ​ល្បីៗមាន​បទ​ពិសោធន៍​និង​ទឹក​ដៃ​ឆ្នើម​ ដូចជា​បទចម្រៀង​ញាក់កន្ត្រាក់​អារម្មណ៍​ «Yucky» ស្នាដៃ​លោក សោម ដូរ៉េ បទ​ចម្រៀង​ស្នេហា​មិន​ទាន់​ដាច់​ស្រេច «ឈប់​សម្ដែង» ស្នាដៃ​លោក​សុខចាន់ផល និងបទចម្រៀង​មនោសញ្ចេតនា​​​ «ការឈឺចាប់អូន គ្មានចំណែកបង »​ ស្នាដៃ​របស់​អ្នក​និពន្ធ​និងដឹកនាំ​ ខាំ ភូរិ៕

Share.