បាងកក៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នៅថ្ងៃអង្គារ ទី១២ ខែមីនា នេះ បានអនុម័តលើសេចក្តីសម្រេចមួយ ដើម្បីស្នើសុំឱ្យតុលាការរំលាយគណបក្សប្រឆាំង ចលនាឆ្ពោះទៅមុខ (Move Forward Party)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។

ចំណាត់ការនេះធ្វើឡើងតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ក្នុងខែមករា ដែលបាននិយាយថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលបានឈ្នះការបោះឆ្នោតសកលកាលពីឆ្នាំមុន បានបំពានរដ្ឋធម្មនុញ្ញជាមួយនឹងផែនការរបស់ខ្លួនក្នុងការផ្លាស់ប្តូរច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ដោយយុទ្ធនាការនេះ គឺប៉ះពាល់ដល់ព្រះចេស្ដាព្រះមហាក្សត្រ។

គណៈកម្មាធិការរៀបចំការបោះឆ្នោត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអង្គារ ថា «យើងមានភស្តុតាងដែលថា គណបក្ស MFP ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ»។

គណៈកម្មការរៀបចំការបោះឆ្នោតបានពិចារណា និងវិភាគសាលក្រមរបស់តុលាការធម្មនុញ្ញ ហើយបានសម្រេចជាឯកច្ឆ័ន្ទ ដើម្បីសុំឱ្យតុលាការធម្មនុញ្ញរំលាយគណបក្សចលនាឆ្ពោះទៅមុខ (MFP) តែម្ដង»។

គណបក្ស MFP បានឈ្នះការបោះឆ្នោតសកល ដោយធ្វើយុទ្ធនាការផ្លាស់ប្ដូរច្បាប់ប្រមាថព្រះមហាក្សត្រ ដើម្បីកែប្រែមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលដាក់ទោសអ្នកល្មើសនឹងច្បាប់នេះ ឱ្យជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ចំពោះការប្រមាថគ្រួសាររាជវង្ស។

គួររំលឹកថា របបរាជានិយមរបស់ប្រទេសថៃ ត្រូវបានតម្កល់នៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីឱ្យប្រជាជនគោរពបូជា។ ប្រសិនបើមានបុគ្គលណាម្នាក់ហ៊ានប្រមាថព្រះមហាក្សត្រ នោះនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី ៣ ទៅ ១៥ឆ្នាំ សម្រាប់ករណីនីមួយៗ ដោយក្នុងនោះមានអ្នកខ្លះ ត្រូវបានជាប់ពន្ធធនាគាររហូតដល់រយៈពេល ៦០ឆ្នាំក៏មាន។ ចាប់តាំងពីឆ្នាំ២០០៧មក ការការពារស្តេច ត្រូវបានដាក់បន្ថែមក្នុងប្រការ៨ នៃរដ្ឋធម្មនុញ្ញ ដោយបានចែងថា «គ្រប់ព្រះរាជាទាំងអស់ គួរតែត្រូវបានគោរព និងលើកតម្កើនយ៉ាងខ្ពង់ខ្ពស់ ដោយមិនគួរត្រូវបានបំពានឡើយ ហើយគ្មានអ្នកណាម្នាក់អាចចោទប្រកាន់ព្រះរាជាឡើយ»។

សូមជម្រាបថា គណបក្ស Future Forward ដែលមានលោក Pita Limjaroenrat ជាមេដឹកនាំ មុនការបង្កើតគណបក្សថ្មី Move Forward ដែលមានគោលនយោបាយស្រដៀងគ្នា ធ្លាប់ត្រូវបានរំលាយដោយតុលាការធម្មនុញ្ញថៃកាលពីឆ្នាំ២០២០ ម្ដងរួចមកហើយ ពីបទបំពានគោលការណ៍ច្បាប់សម្រាប់យុទ្ធនាការ៕

ប្រភព៖ CNA

Share.