ស្វាយរៀង ៖ បុរសចំណាស់ម្នាក់ តូចចិត្តនឹងខ្លួនឯង ដែលខំប្រឹងធ្វើការណាស់ដែរ មិនចេះផឹកសុី ដឹងតែពីរក សន្សំលុយដើម្បីគ្រួសារ មិនគួរណាប្រពន្ធមិនពេញចិត្ត សុំលែងទៅវិញ ធ្វើឱ្យតូចចិត្ត រត់ទៅបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន។ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សពជនរងគ្រោះមានឈ្មោះ លី សំនៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ចេកចៀន នៅក្រុងបាវិត មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា កន្លងមកថ្មីៗនេះ ដោយសារការរស់នៅក្នុងសង្គមគ្រួសារមិនចុះសម្រុងគ្នា ទើបភាគីខាងប្រពន្ធប្តឹងទៅតុលាកាសុំលែងលះប្តី នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ហើយតុលាកាក៏សម្រេច ទៅលើសំណុំរឿងខាងលើ ប្រពន្ធក៏បានទៅយកប្តីថ្មីទៀតបាត់ទៅ ធ្វើឱ្យបុរសជាប្តីឈឺចិត្ត មិនគួរណា ខំប្រឹងរកសុី មិនចេះផឹកសុី ទោះជារបរលក់ចេកចៀនមែនពិត រកលុយដើម្បីគ្រួសារ បែជាប្រពន្ធសុំលែង។

ជនរងគ្រោះរស់នៅជាបុរសពោះម៉ាយ ដោយតូចចិត្តនឹងជីវិតខ្លួនឯង លុះវេលាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញ បុរសខាងលើចងកសម្លាប់ខ្លួនទៅវិញ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យធ្វើការពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយធ្វើអត្តឃាត រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.