ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង ២២នាក់ទៀត បានរងរបួសនៅក្នុងការសង្ស័យថា មានការផ្ទុះហ្គាសនៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន នាថ្ងៃពុធ នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤។

ការ​ផ្ទុះ​នេះ​បាន​បណ្ដាលឱ្យរថយន្ត​ជាច្រើនគ្រឿង រងការខូចខាតយ៉ាង​ធ្ងន់ធ្ងរ ហើយ​បាន​បន្សល់​ទុក​នូវ​កំទេច​កំទី​រាយប៉ាយ​នៅ​តាម​ផ្លូវ​ជុំវិញ​។

ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា ការ​ផ្ទុះ​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បណ្តាល​មក​ពី​ការ​លេច​ធ្លាយបំពង់​ហ្គាសចំអិនអាហារ ​នៅ​ហាង​លក់មាន់​ចៀន​មួយ​កន្លែងក្នុង​ទីក្រុង Sanhe ស្ថិតនៅចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីទីក្រុងប៉េកាំង នៅ​មុន​ម៉ោង ៨ព្រឹកនេះ (ម៉ោងក្នុងស្រុក)។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា អង្គភាពពន្លត់អគ្គីភ័យ Langfang បាននិយាយថា ការផ្ទុះ និងភ្លើងបានឆាបឆេះនៅក្នុងហាងលក់ទំនិញតាមដងផ្លូវនៅជិតផ្លូវប្រសព្វនៃផ្លូវ Xueyuan និងផ្លូវ Yingbin ក្នុងភូមិ Xiaozhanggezhuang។

នាយកដ្ឋានបាននិយាយថា ភ្លាមៗនោះ អង្គភាពបានបញ្ជូនរថយន្តចំនួន ៣៦គ្រឿង និងមនុស្ស១៥៤នាក់ ទៅកាន់កន្លែងកើតហេតុ ដោយបន្ថែមថា ភ្លើងកំពុងស្ថិតក្រោមការគ្រប់គ្រង ហើយការងារជួយសង្គ្រោះកំពុងត្រូវបានអនុវត្ត។

ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​បិទ​កិច្ច​ប្រជុំ​នយោបាយ​ថ្នាក់​ខ្ពស់​របស់​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ប៉េកាំង។

វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo បានបង្ហាញពីការហេតុការណ៍ខាងលើ ដោយបានបំផ្លិចបំផ្លាញអគារ និងរថយន្តជាច្រើនគ្រឿង ខណៈកំទេចកំទីកញ្ចក់ និងដំបូលអគារ បានធ្លាក់រាយប៉ាយជុំវិញផ្លូវ សំភារៈ​ចំនួន​បាន​ឆេះ ហើយ​ទិដ្ឋភាពនោះ​មើល​ទៅ​ដូច​ជា​ ស្ថិតនៅក្នុងតំបន់​សង្គ្រាម។

យ៉ាងណាម៉ិញ ការិយាល័យគ្រប់គ្រងគ្រោះអាសន្នទីក្រុង Sanhe បានបញ្ជូនក្រុមស៊ើបអង្កេតទៅកន្លែងកើតហេតុ ហើយការិយាល័យគ្រប់គ្រងគ្រាអាសន្នទីក្រុង Langfang បាននិយាយថា នាយកដ្ឋានពន្លត់អគ្គីភ័យ ក៏ស្ថិតនៅកន្លែងផ្ទុះផងដែរ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់ប្រទេសចិន៕

ប្រភព៖ CNA

Share.