ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមកពីណា ហើយក៏មិនដឹងថាមានបញ្ហាផ្លូវចិត្ត វិប្បត្តិរឿងអ្វី បានជាទៅបញ្ចប់ជីវិតខ្លួនឯងលើដើមក្រសាំង ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ បង្កឱ្យភ្ញាក់ផ្អើលអស់អ្នកភូមិជុំវិញ ក្រែងស្គាល់អត្តសញ្ញាណ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវលំឡានដឹកដី ស្ថិតក្នុងភូមិរំដួលត្បូង សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមបងប្អូនប្រជាពលរដ្ឋ អ្នកភូមិក្បែរខាង បានឱ្យដឹងថា សាកសពបុរសខាងលើ មិនត្រូវបានអ្នកភូមិជុំវិញស្គាល់ឡើយ មិនដឹងថាមកពីណា ផ្ទះសម្បែងនៅដល់ណាដែរ មានវ័យជាង២០ឆ្នាំ ក្នុងសម្លៀកបំពាក់ អាវដៃវែងពណ៌ប្រផេះ ស្លៀកខោខូវបយជើងវែងពណ៌ប្រផេះ ហើយនៅក្រោមដើមក្រសាំងមានបាឡូខោអាវ ភួយ អង្រឹង សម្ភារៈផ្សេងទៀត។

នៅកន្លែងកើតហេតុ ពលរដ្ឋបានអះអាងថា សពជនរងគ្រោះ មិនមែនកូនចៅ អ្នករស់នៅក្នុងភូមិជុំវិញនេះទេ ហើយមុនភ្ញាក់ផ្អើល បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ នាព្រឹកព្រលឹម ស្រាប់តែប្រទះឃើញសាកសពបុរសខាងលើចងកស្លាប់លើដើមក្រសាំង ដោយយកខ្សែអង្រឹងចងភ្ជាប់នឹងបែកក្រសាំង ទើបរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចទៅពិនិត្យជាក់ស្តែង។

ពលរដ្ឋបន្តទៀតថា តាមផ្លូវលំខាងលើ អ្នកដំណើរឆ្លងកាត់ ច្រើនតែពេលថ្ងៃពេលភ្លឺទេ ពិសេសជាផ្លូវសំបូរដោយរថយន្តដឹកដី ថ្ម ឆ្លងកាត់ លុះពេលយប់ កុំថាឡើយបែបជំនឿថាខ្លាចខ្មោច គិតបារម្ភពីសន្តិសុខ សុវត្តិភាព ថ្វីដ្បិតជាទឹកដីកាត់ចូលក្នុងរាជធានីភ្នំពេញក្តី ព្រោះជាទីស្ងាត់ គ្មានភ្លើងបំភ្លឺតាមផ្លូវឡើយ ឆ្ងាយដាច់ពីផ្ទះអ្នកស្រុក ស្រាប់តែនៅព្រឹមថ្ងៃនេះ បងប្អូនអ្នកដំណើរឆ្លងកាត់ ស្រាប់តែប្រទះឃើញ សាកសពបុរសខាងលើចងកសម្លាប់ខ្លួន លើដើមក្រសាំងនៅតាមដងផ្លូវទៅវិញ។

ករណីខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរ ចុះទៅ ធ្វើការហ៊ុំព័ទ្ធដើមក្រសាំងកន្លែងកើតហេតុ រងចាំសមត្ថកិច្ចជំនាញ ស្នងការក្រុងភ្នំពេញ ទៅធ្វើការពិនិត្យកោសល្យវិច័យ និងធ្វើការស្រាវជ្រាវ រកអត្តសញ្ញាណ ក្រុមគ្រួសារ ជាបន្តទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.