ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញចងសម្លាប់ខ្លួនលើដើមក្រសាំង កាលពីវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវលំឡានដឹកដី ស្ថិតក្នុងភូមិរំដួលត្បូង សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ ទៅធ្វើការពិនិត្យ ស្រាវជ្រាវ រកឃើញអត្តសញ្ញាណ និងមូលហេតុហើយ។

សពមានឈ្មោះ ម៉ន គឹមថន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ អតីតជាអ្នកបើកបររថយន្តដឹកដី ស្នាក់នៅក្នុងសង្កាត់ស្នោ មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

សមត្ថកិច្ចត្រួតពិនិត្យលើសព ឃើញមានកាបូបលុយ១ មានលុយចំនួន១៤,២០០រៀល អត្តសញ្ញាណប័ណ្ណ១សន្លឹក ប័ណ្ណបើកបររថយន្ត១សន្លឹក ប័ណ្ណ ប.ស.ស ១សន្លឹក កាតធនាគារកាណាឌីយ៉ា១សន្លឹក និងទូរស័ព្ទដៃម៉ាកRealme ១គ្រឿង ។

បើប្រភពពីអ្នកបើកបររថយន្តដឹកដីម្នាក់ បានឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០២៣ នឹងដើមខែមករា ឆ្នាំ២០២៤ ជនរងគ្រោះអស់ការងារធ្វើ ជាអ្នកបើកបររថយន្តដឹកដី នៅសង្កាត់ស្នោ ក៏បានវិលទៅស្រុកកំណើតវិញ ស្រាប់តែនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ជនរងគ្រោះ ផឹកស្រាស្រវឹងនៅឯស្រុក បានប្រើអំពើហិង្សា វាយលើឪពុកបង្កើតបណ្តាលឱ្យរបួសបែកក្បាល ហើយរត់គេចខ្លួនពីការហៅឃាត់របស់សមត្ថកិច្ច មិនដឹងថាគេចខ្លួនទៅណា ទើបតែនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ម្សិលមុិញនេះ លេចមុខជនរងគ្រោះ នៅក្នុងសង្កាត់ស្នោ ដើរសាកសួរ អ្នកបើកបររថយន្តដឹកដី រកការងារបើករថយន្ត តែគ្នានអ្នកណា ថៅកែណាយកឡើយ រហូតដល់ល្ងាច ជនរងគ្រោះស្ពាយបាឡូ បង្វិចខោអាវ ដើរតាមផ្លូវ ក្បែរកន្លែងកើតហេតុដែរតែគ្មានអ្នកណាស្គាល់ ចាប់អារម្មណ៍ រហូតដល់ព្រឹកឡើងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ប្រទះឃើញបុរសខាងលើចងកលើដើមក្រសាំងស្លាប់បាត់ ។

បើតាមការសន្និដ្ឋាន បុរសខាងលើ មានបញ្ហាក្នុងគ្រួសារ ក្រោយពីប្រើអំពើហឹង្សាវាយឪពុកហើយរត់គេចខ្លួន ដើរស្វែងរកការងារធ្វើ តែគ្មានអ្នកណាទទួលយក ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន ។

សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួចឃើញថាស្លាប់ដោយធ្វើអត្តឃាត ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ ហើយទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.