BANDUNG៖ មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ នេះថា អ្នកទេសចរបរទេស ២នាក់ ក្នុងនោះមានស្ត្រីជនជាតិអូស្ត្រាលីម្នាក់ បានស្លាប់នៅលើកោះរមណីយដ្ឋានរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការរអិលបាក់ដីដែលបានបាក់សង្កត់លើផ្ទះវីឡារបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤។

តំបន់ធំៗ នៃប្រជុំកោះចំនួន ១៧,០០០កោះ ងាយនឹងកើតមានទឹកជំនន់ និងការរអិលបាក់ដីក្នុងរដូវវស្សា ដែលចាប់ផ្តើមចាប់ពីខែវិច្ឆិកា។

មន្ត្រី​ដដែល​បន្ត​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បង្កឱ្យ​បាក់ប្រឡាយ​ទឹកសម្រាប់​ប្រើប្រាស់ក្នុងតំបន់នោះ​ សង្កត់ពីលើ​ផ្ទះ​វីឡា ហើយ​បង្កឱ្យ​មានការរអិល​បាក់​ដី​ សម្លាប់​មនុស្ស​ទាំង​ ២​នាក់នៅទីនោះតែម្ដង។ មន្រ្តីខាងលើបន្ត​ថា៖ «ជន​រង​គ្រោះទាំង ២នាក់ ​ត្រូវ​បានជម្លៀស​ចេញ​ពី​គំនរ​បាក់បែក​ពេល​កំពុង​គេងលង់លក់នៅទីតាំងកើតហេតុ។​ នារីរងគ្រោះអាយុ ៤៧ឆ្នាំ មានស្រុកកំណើតនៅប្រទេសអូស្ត្រាលី និងមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក ចំណែកជនរងគ្រោះជាបុរសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសាកសពជនរងគ្រោះទាំង ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត Denpasar ។

សូមជម្រាបថា ការរអិលបាក់ដីនៅប្រទេសឥណ្ឌូនេស៊ី បានកើតឡើងកាន់តែធ្ងន់ធ្ងរនៅកន្លែងខ្លះដោយការកាប់បំផ្លាញព្រៃឈើ មានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយជាយូរបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីនៅតំបន់ខ្លះ។ កាលពីសប្ដាហ៍មុន មានហេតុការណ៍រអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង នៅកោះស៊ូម៉ាត្រា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់៕

ប្រភព៖ CNA

Share.