បន្ទាយមានជ័យ៖ ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសវ័យ ១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ នាវេលាម៉ោងជាង ៩យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូពីគ្រឿងបើកបរក្នុងទិសដៅស្រប ទិសគ្នាពីរោងចក្រហាត់ឌីស ឆ្ពោះទៅកាន់សាលាសង្កាត់ផ្សារកណ្ដាល ពោលគឺពីខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូទ្រីមសង់ ពាក់ស្លាកលេខ សៀមរាប 1AF-8405 បម្រុងបត់ ក៏ត្រូវម៉ូតូទ្រីមសង់ដូចគ្នាអត់ស្លាកលេខ ដោយម៉ូតូទើបនឹងទិញ បុកពេញទំហឹងបណ្ដាលឱ្យម្ចាស់ម៉ូតូដែលអត់ស្លាកលេខរងរបួសធ្ងន់ ។

ប្រភពព័ត៌មានដាច់ដោយឡែកបានបញ្ជាក់ដែរថា ក្រោយពីកើតហេតុភ្លាមម្ចាស់ម៉ូតូដែលមានស្លាកលេខ ហើយអត់មានរងរបួសនោះបម្រុងបើករត់គេចតែត្រូវប្រជាពលរដ្ឋចាប់ឃាត់បានដើម្បីឲ្យដោះស្រាយគ្នានៅចំពោះមុខសមត្ថកិច្ច ។

ក្រោយពីកើតហេតុភ្លាមគេសង្កេតឃើញមានកម្លាំងនគរបាល និងក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានចុះជួយសម្រួលចរាចរណ៍និងរុំរបួសរួចដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ផងដែរ ។ ចំពោះមធ្យោបាយពាក់ព័ន្ធទាំងពីរកម្លាំងនគរបាល បាននាំយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាលដើម្បីរង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់ជាក្រោយ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.