តូក្យូ៖ ការបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima របស់ប្រទេសជប៉ុន ត្រូវបានផ្អាកនាថ្ងៃសុក្រ នេះ បន្ទាប់ពីមានការរញ្ជួយដីមួយកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រតិបត្តិកររបស់ខ្លួនបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះ គឺមានការបង្ការដើម្បីប្រុងប្រយ័ត្នជាមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃតំបន់ Fukushima ភាគឦសាន ដែលជាឃ្លាំងរបស់រោងចក្រដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១ នៅម៉ោង ១២:១៤នាទីពាក់កណ្ដាលអធ្រាតឈានចូលថ្ងៃសុក្រ នេះ (ម៉ោងក្នុងស្រុក)។

ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គម X ដោយសំដៅលើដំណើរការនៃការបញ្ចេញទឹកថា «យើងបានបញ្ជាក់ពីចម្ងាយថា មិនមានភាពមិនប្រក្រតីណាមួយលើប្រព័ន្ធ ALPS ដែលត្រូវបានព្យាបាលដោយឧបករណ៍រំលាយ/បញ្ចេញទឹកនោះទេ។ ប៉ុន្តែដើម្បីរក្សាសុវត្ថិភាព យើងបានផ្អាកប្រតិបត្តិការរបស់យើងសិន»។

ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរនិយតកម្មនុយក្លេអ៊ែររបស់ប្រទេសជប៉ុន ក៏បាននិយាយភ្លាមៗ បន្ទាប់ពីការរញ្ជួយដីថា មិនមានភាពមិនប្រក្រតីណាមួយត្រូវបានគេរកឃើញនៅរោងចក្រ Fukushima Daiichi នោះទេ។

ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានចាប់ផ្តើមបញ្ចេញទឹកនោះទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែសីហាឆ្នាំមុន ចាប់តាំងពីឧបទ្ទវហេតុឆ្នាំ ២០១១ ដែលជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។

ជុំវិញបញ្ហានេះ ចិន និងរុស្ស៊ីបានរិះគន់ការបញ្ចេញទឹកកាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន ដោយនិយាយថា ជប៉ុនកំពុងបំពុលបរិស្ថាន។

សូមជម្រាបថា ប្រទេសជប៉ុនជួបប្រទះការរញ្ជួយដីរាប់រយដងជារៀងរាល់ឆ្នាំ ហើយភាគច្រើនមិនបណ្តាលឱ្យមានការខូចខាតអ្វីឡើយ។ យ៉ាងណាម៉ិញ គេមិន​មាន​របាយការណ៍​ភ្លាមៗ ​អំពី​អ្នករងរបួស​ពី​ការ​រញ្ជួយ​ចុងក្រោយ​នេះ​ទេ ហើយ​ក៏​មិន​មាន​ការ​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ​ដែរ៕

ប្រភព៖ CNA

Share.