បាត់ដំបង÷ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកបររថយន្តបុកម៉ូតូនៅលើស្ពាន ប៉ើង៥០ម៉ែត្រស្លាប់ស្ត្រីម្នាក់ធ្លាក់ចុះក្រោមស្ពានស្ទឹងសង្កែ នាវេលាម៉ោង ៨:០០នាទីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ ឋិតនៅលើកំណាត់ស្ពានវត្តគរ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា នារីជនរងគ្រោះឈ្មោះ ប៊ន ច័ន្ទផាសា អាយុ ១៨ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ មុនពេលកើតហេតុនាងជាជនរងគ្រោះបានធ្វើដំណើរឆ្លងស្ពានដោយម៉ូតូមួយគ្រឿងម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខ ១AR-៨០៨៩ ក្នុងទិសដៅពីលិច ទៅកើត លុះដល់ចំណុចគ្រោះថ្នាក់ស្រាប់តែរថយន្តមួយគ្រឿងម៉ាកហាយលេនដ័រពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ ២AL-១៦៤៨ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះឋិតក្នុងសភាពស្រវឹងជោកជាំបានបុករះបង្កាន់ដៃបាក់ចំនួនពីរប្រឡោះរួចបន្តល្បឿនទៅបុកស្ត្រីក្រមុំជនរងគ្រោះពេញទំហឹងទៀតបណ្តាលប៉ើងប្រមាណ ៥០ម៉ែត្រធ្លាក់ចុះក្រោមច្រាំងស្ទឹងស្លាប់នៅនឹងកន្លែងតែម្តង។

ភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងគ្រោះថ្នាក់ ហើយបាននាំខ្លួនជនបង្កមកកាន់ការិយាល័យចរាចរណ៍ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទ÷ ដំបងក្រញូង

Share.