ឆ្លង់​កាត់​ការប្រកួត​រយ:​ពេល ២ថ្ងៃ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ B បាន​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី​នៅ​​​មណ្ឌល​ព្រៃវែង ក្នុង​ការ​ប្រកួត​កីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024។

មណ្ឌល​ព្រៃវែងនេះ​ គឺ​ជាភូមិភាគទី៤ហើយ​ ក្នុង​ចំណោម​ ៥ភូមិភាគ ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៦ និងថ្ងៃអាទិត្យ ទី១៧ ខែមីនា នៅសាលបាល់ទះ ស.ស.យ.ក ព្រៃវែង ដែល​មានចំនួន ១០​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង។

សម្រាប់​ចំណាត់​ពី​លេខ១ ដល់​លេខ៣ ប្រចាំមណ្ឌលព្រៃវែង មាន៖

  • ជ័យលាភីលេខ១ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ B
  • ជ័យលាភីលេខ២ ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាល
  • ជ័យលាភីលេខ៣ ស្នងការដ្ឋាន ន.ប ខេត្តស្វាយរៀង

គិត​មក​ដល់​ពេល​នេះ​ការប្រកួត Wurkz Special Volleyball Cup 2024 ​បាន​បញ្ចប់​ចំនួន ៤ភូមិភាគ​រួម​ហើយ ដោយ​ភូមិភាគទី១ គឺមណ្ឌល​​បាត់ដំបង ម្ចាស់ជ័យលាភីបានទៅលើ ក្លិប​កីឡាបាល់​ទះ​បាត់​ដំបង និងភូមិភាគ​ទី២ គឺ​មណ្ឌល​សៀមរាប ម្ចាស់ជ័យលាភីបាន​ទៅលើ ក្លិប​កង​ពល​ធំអន្ត​រាគមន៍​លេខ៣ (B) និងភូមិភាគ​ទី៣ គឺមណ្ឌល​កំពង់ចាម ម្ចាស់ជ័យលាភី បាន​ទៅលើ ក្លិបស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ។

សម្រាប់​គោលដៅបន្ទាប់ដែល​គ្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ចុង​ក្រោយគឺ ភូមិភាគទី៥ មណ្ឌល​ព្រះសីហនុ ដែលនឹងចាប់ធ្វើ​ឡើង​នៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​មានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង ៥ភូមិភាគ ម្ចាស់ជ័យ​លាភីដែលទទួល​បានលេខ១ និងលេខ២ មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញ ដែល​ជា​វគ្គ​ជុំ​ផ្ដាច់​ព្រ័ត្រ​គ្រោង​នឹងរៀបចំនៅថ្ងៃទី ២២ ដល់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា សម្រាប់​មណ្ឌល​រាជធានីភ្នំពេញ នឹងផ្ដល់​ឱកាស​ទៅដល់បណ្ដាល ក្លិបធំៗ​ទាំង ៦ដែល​ជាប់​លេខ​រៀង​ពីលេខ ១ដល់​លេខ ៦នៅ​ក្នុងព្រឹត្តិការណ៍ តេជោលីគ​ ត្រូវឈរ​ជើង​ចាំ​ ចំពោះបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្ត ឬភូមិភាគទាំង៥៕

Share.