ស្របពេលដែលប្រទេសចិនបានបោះសម្ដីឲ្យកោះតៃវ៉ាន់មើលប្រទេសអាហ្វហ្កានីស្ថានជាគំរូ ពេលនេះលោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing Wen) បានសរសេរនៅលើបណ្ដាញសង្គមផ្លូវការថា កោះតៃវ៉ាន់ និងត្រូវពង្រឹងសមត្ថភាពឲ្យកាន់តែរឹងមាំ។

នៅពេលដែលកោះតៃវ៉ាន់បានឃើញប្រទេសអាហ្វហ្កានីស្ថានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់វិញ បន្ទាប់ពីកងទ័ពអាមេរិកដកថយចេញពីអាហ្វហ្កានីស្ថាន កោះតៃវ៉ាន់ត្រូវ «បង្កើនភាពរឹងមាំ និងសាមគ្គីភាពបន្ថែម» ដើម្បីធានាបាននូវការការពារខ្លួនឯង។

លោកស្រី Tsai Ing Wen បាននិយាយថា ជម្រើសតែមួយគត់របស់កោះតៃវ៉ាន់ គឺត្រូវការធ្វើឲ្យខ្លួនយើងកាន់តែរឹងមាំ បង្កើនការសាមគ្គីភាព និងភាពម៉ឺងម៉ាត់ជាងមុនក្នុងការប្តេជ្ញាការពារខ្លួនយើង។ លោកស្រី Tsai Ing Wen បានបន្ថែមថា «កោះតៃវ៉ាន់គួរតែអនុវត្តការពឹងផ្អែកលើខ្លួនឯង»

ខណៈទីក្រុងវ៉ាស៊ីនតោននៅតែជាសម្ព័ន្ធមិត្តក្រៅផ្លូវការដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់។ ប៉ុន្តែ ការចាកចេញភ្លាមៗរបស់កងកងទ័ពអាមេរិកពីទីក្រុងកាប៊ុល (Kabul) បានបង្កឲ្យមានការពិចារណា និង ជួបពិភាក្សានៅកោះតៃវ៉ាន់ថា តើសហរដ្ឋអាមេរិកអាចឲ្យទីក្រុងតៃប៉ិ (Taipei) ពឹងផ្អែកលើការការពារបានដែរឬទេ? នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃ​ទី ១៨ ខែ សីហា ឆ្នាំ ២០២១។

គួរបញ្ជាក់ថា ប្រទេសចិនបានបង្កើនសម្ពាធទាំងយោធា ការទូត និងសេដ្ឋកិច្ចចាប់តាំងពីលោកស្រី Tsai ឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ កាលពីឆ្នាំ២០១៦ មកម៉្លេះ ដោយសារលោកស្រីយល់ឃើញថា កោះតៃវ៉ាន់មានឯករាជ្យរួចទៅហើយ ហើយមិនមែនជាផ្នែកមួយនៃប្រទេសចិននោះទេ។ គាប់ជួនពេលនេះអាហ្វហ្កានីស្ថានបានជួបរឿងដ៏ចំរុងចម្រាសនេះផង ទើបប្រទេសចិនកាន់តែបោះពាក្យសម្ដីធ្ងន់ៗឲ្យកោះតៃវ៉ាន់ប្រយ័ត្នខ្លូន ហើយមើលអាហ្វហ្កានីស្ថានជាគំរូផងដែរ៕

Telegram-Troryorng
Share.