នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែ សីហា ឆ្នាំ២០២១ នេះ មហាក្សត្រម៉ាឡេស៊ីបានចាប់ផ្ដើមបើកកិច្ចប្រជុំជាមួយលោក អ៊ិសម៉ែល សាប្រ៊ី Ismail Sabri ដើម្បីធ្វើការផ្ទៀងផ្ទាត់សម្លេងឆ្នោតគាំទ្ររបស់លោក Sabri។

សារព័ត៌មាន Bernama ដែលជាសារព័ត៌មានក្នុងស្រុករបស់ម៉ាឡេស៊ីបានផ្សាយថា រថយន្ដដឹកសមាជិកសភាទាំងអស់បានចាប់ផ្ដើមបើកចូលព្រះបរមរាជវាំងនៅវេលាម៉ោង ១០:៣៨នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ។

លោក Ismail Sabri គឺជាអ្នកនយោបាយម៉ាឡេស៊ីដែលបានធ្វើជាឧបនាយករដ្ឋមន្រ្តីទី ១៣ ចាប់ពីខែកក្កដាឆ្នាំ ២០២១ ដល់ខែសីហាឆ្នាំ ២០២១ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៅរដ្ឋបាលប៉ារីកាតាន ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី មូហ៊ីដិនយ៉ាស៊ីន។ ហើយពេលនេះលោក សាប្រ៊ី ត្រូវបានគេជឿថា អាចឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីប្រចាំប្រទេសម៉ាឡេស៊ីបន្ទាប់ពីលោក មូហ៊ីដិនយ៉ាស៊ីន​ នៅពេលខាងមុខនេះ ព្រោះសមាជិកសភាចំនូន ១១៤រូបបានគាំទ្រលោក សាប្រ៊ី ជានាយករដ្ឋមន្រ្តី។ ចាប់តាំងពីលោក មូហ៊ីដិនយ៉ាស៊ីន​ លាលែងពីតំណែង សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមានការថយចុះ ស្របពេលដែលប្រទេសនេះរងគ្រោះដោយសារមេរោគកូវីដ១៩។

នៅថ្ងៃសុក្រ ស្អែកនេះ ព្រះមហាក្សត្រនឹងធ្វើជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិសេសមួយរបស់ថ្នាក់ដឹកនាំម៉ាឡេស៊ី។ ព្រះអង្គមានបន្ទូលថា​ នាយករដ្ឋមន្រ្តីបន្ទាប់ គួរតែត្រូវបានតាក់តែង នៅក្នុងសភាឲ្យបានឆាប់តាមដែលអាចធ្វើបាន៕

Telegram-Troryorng
Share.