កីឡាករ វ៉ាន វ៉ុន ជា​កីឡាករ​តែ​មួយ​រូប​របស់​កម្ពុជា ដែល​គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា​បញ្ជូន​ចេញ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក​ឆ្នាំ​២០២០ (2020 Summer Paralympics) នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ចុង​ខែ​សីហា ឆ្នាំ​២០២១ នេះ។

កីឡាករ​រូប​នេះ​នឹង​ចូលរួម​ប្រកួត​ក្នុង​ប្រភេទ​កីឡា T54 ​ចម្ងាយ​១០០​ម៉ែត្រ​ផ្នែក​បុរស។ នេះ​ជា​លើក​ទី២​ហើយ​ដែល​កីឡាករ វ៉ាន វ៉ុន ចូលរួម​ប្រកួត​កីឡា​​ប៉ារ៉ាឡាំពិក ខណៈ​លើក​ដំបូង​បាន​បង្ហាញ​ខ្លួន​ក្នុង​​ការ​ប្រកួត​ឆ្នាំ​២០១៦ នៅ​ទីក្រុង​រីយូ ប្រទេស​ប្រេស៊ីល ដោយ​​​ប្រើ​ថិរវេលា​បាន​១៥.៤៤​វិនាទី ហើយ​ម្ចាស់​មេដាយ​មាស Leo-Pekka Tähti ជនជាតិ​ហ្វាំងឡង់ ធ្វើ​បាន​១៣.៩០​វិនាទី។

នេះ​ជា​លើក​ទី​​៦​ហើយ ដែល​កម្ពុជា បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក ដោយ​ក្នុង​នោះ​មាន​ឆ្នាំ​២០០០,​២០០៤,​២០០៨,​២០១២,​២០១៦​និង​២០២០ នេះ។

កីឡា 2020 Summer Paralympics បើក​ឱ្យ​ប្រកួត​ចំនួន​២២​កីឡា មាន​៥៤០​​វិញ្ញាសា​ ដោយ​ចាប់​ផ្ដើមប្រកួត​ពី​ថ្ងៃ​ទី​២៤ សីហា ដល់​៥ កញ្ញា ឆ្នាំ​២០២១ នៅ​ប្រទេស​ជប៉ុន ដោយ​រំពឹង​ថា​នឹង​មាន​អត្តពលិក​ចូលរួម​ប្រកួត​​ប្រមាណ​ជាង​៤ពាន់៕

Telegram-Troryorng
Share.