ក្រុមអ្នកផ្ដល់សេវាកម្មកម្សាន្តរាប់រយនាក់ នៅតំបន់ផ្តល់សេវាដ៏ធំបំផុត នៃប្រទេសបង់ក្លាដែសនេះ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ហើយ នៅក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ។

ដោយស្ថិតក្នុងក្តីសង្ឃឹមថា វិស័យនេះនឹងត្រូវស្តារឡើងវិញ បន្ទាប់ពីបានរងការវាយលុក ដោយជំងឺរាតត្បាតជាសកល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន BBCនាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។

ប្រទេសបង់ក្លាដេស ជាប្រទេសដែលប្រត្តិបត្តិសាសនាអ៊ីស្លាម ដែលអនុញ្ញាតឲ្យមានការបម្រើសេវាកម្មកំសាន្តសម្រាប់បុរសដោយស្របច្បាប់។ ប្រទេសដែលមានប្រជាជន ១៦៩លាននាក់មួយនេះ មានតំបន់បម្រើសេវាផ្លូវភេទ យ៉ាងហោចណាស់ ១១កន្លែង នៅទូទាំងប្រទេស ហើយចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ ក្រុមអ្នកប្រកបមុខរបរនេះ បានជួបវិបត្តិធ្ងន់ធ្ងរខ្លាំងបំផុត។

កន្លងមកនេះ អាជ្ញាធរបង់ក្លាដែស ក៏ធ្លាប់ព្យាយាមផ្តល់ការចាក់វ៉ាក់សាំង ជូនដល់ក្រុមអ្នកផ្ដល់សេវាកំសាន្តទាំងនោះផងដែរ ប៉ុន្តែផែនការនេះមិនបានសម្រេចនោះឡើយ ព្រោះតែការខ្វះខាតវ៉ាក់សាំង ហើយកាលពីមុនអាទិភាពចម្បង ត្រូវបានផ្តល់ជូនអ្នកបម្រើការងារ លើវិស័យសុខាភិបាលជួរមុខ។

គួរបញ្ជាក់ថា អ្នកបម្រើសេវាកម្មកំសាន្តជិត ២០០នាក់ ក្នុងតំបន់ ដាវឡាតឌា (Daulatdia) នៅប្រទេសបង់ក្លាដេស ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ រួចរាល់នៅក្នុងពេលមួយថ្ងៃ៕

Telegram-Troryorng
Share.