បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ សមត្ថកិច្ចចាប់ខ្លួនបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ បន្ទាប់ពីជនសង្ស័យជិះរថយន្តទៅលួចស្រាបៀរ៣ទៅ៤កេស កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


ជនសង្ស័យ ១.ឈ្មោះ ខា យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ  ហ៊ិន លីណា ភេទប្រុស អាយុ៣៨ ឆ្នាំ  ជនជាតិខ្មែរ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា មុនកើតហេតុ ជនសង្ស័យបានប្រើល្បិច ដោយចូលទៅកម្ម៉ង់ទិញស្រាបៀរពីជនរងគ្រោះ ជាច្រើនកេស ហើយជនរងគ្រោះលើកស្រាបៀរដាក់លើរថយន្តរួច ស្រាប់តែជនសង្ស័យបើករថយន្តគេចខ្លួនតែម្តង។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងបានបន្តស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះតែម្តង។
ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានប្រើល្បិចទៅទិញស្រាបៀរ ឲ្យអ្នកលក់លើកដាក់រថយន្តហើយបើករថយន្តគេចមិនបានឲ្យលុយគេពិតប្រាកដមែន ហើយក៏ជាលើកទី២ផងដែរ កាលលើកទី១ នៅដើមខែមីនានេះ ក៏ធ្លាប់ប្រើល្បិចដូចគ្នាយកបានស្រាបៀរចំនួន៨កេស។


ជនសង្ស័យក្រោយពីធ្វើតេស្តទឹកនោមហើយ គឺជាប់សារធាតុញៀន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ៖១. រថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌មាស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ2AK-9342 ដែលជារបស់ជនសង្ស័យជិះធ្វេីសកម្មភាព),  ២.ស្រាបៀរ  ABC  ចំនួន០៣កេស, ៣.ស្រាបៀរហ្គេនស្បឺក  ចំនួន០១កេស(ប្រគល់ឱ្យជនរងគ្រោះវិញ),  ៤.ទូរសព្ទម៉ាកTECNOSPARK ចំនួន០១គ្រឿង,  ៥.ម្សៅក្រាម ពណ៌សថ្លាចំនួន០១កូនថង់កិប៕

អត្ថបទ៖ប៉ោយប៉ែត

Share.