សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នាថ្ងៃចន្ទ នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យអង្គភាពរថក្រោះ ដែលធ្លាប់បានវាយលុកទីក្រុងសេអ៊ូល អំឡុងសង្គ្រាមកូរ៉េ ដោយមេដឹកនាំទីក្រុងព្យុងយ៉ាង បានអំពាវនាវឱ្យមានការត្រៀមលក្ខណៈកម្រិតខ្ពស់បំផុតសម្រាប់ការប្រយុទ្ធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៥​ ខែមីនា ឆ្នាំ២០២៤។

ទំនាក់ទំនងអន្តរកូរ៉េ គឺស្ថិតនៅចំណុចទាបបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយយោធាកូរ៉េខាងជើងរបស់លោក គីម ថ្មីៗនេះបានធ្វើតេស្តអាវុធហាមឃាត់ជាច្រើន រួមទាំងការបាញ់បង្ហោះមីស៉ីលផ្លោង និងចាប់ផ្តើមការសាកល្បងម៉ាស៊ីនមីស៊ីល «ប្រភេទថ្មី» ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បង្កើនការធ្វើសមយុទ្ធយោធារួមគ្នា។

ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNA បាននិយាយថា លោក គីម បានចុះធ្វើអធិការកិច្ចទៅកាន់អង្គភាពកងពលរថក្រោះ Seoul Ryu Kyong Su Guards ទី១០៥ កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយរូបភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញថា លោក គីម កំពុងពិនិត្យមើលពីផែនការវាយប្រហាររបស់កូរ៉េខាងត្បូង។

KCNA បានរាយការណ៍ដោយសំដៅទៅលើកូរ៉េខាងជើងតាមឈ្មោះផ្លូវការរបស់ខ្លួនថា អង្គភាពរថក្រោះនេះ…ធ្លាប់បានវាយលុកចូលទីក្រុងសេអ៊ូលមុនគេ និងបានគ្រវីទង់ជាតិកូរ៉េខាងជើង នៅក្នុងរដ្ឋធានីមួយនេះ»។

KCNA បានបន្ថែមថា «អង្គភាពរថក្រោះ បានអនុវត្តស្នាដៃដ៏ពិសេសនៅក្នុងការប្រយុទ្ធជាច្រើនលើក អំឡុងសង្រ្គាមរំដោះមាតុភូមិកន្លងមក» ដោយសំដៅទៅលើសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ដែលបានបញ្ចប់ដោយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាព មានន័យថា ប្រទេសទាំង២ នៅតែមានលក្ខណៈបច្ចេកទេសនៅក្នុងសង្រ្គាម។

បើតាម KCNA បានរាយការណ៍ថា លោក Kim បានត្រួតពិនិត្យសមយុទ្ធរបស់អង្គភាព ហើយបានសម្តែង «ការពេញចិត្តជាខ្លាំង» ដែលក្រុមរថក្រោះត្រូវបានរៀបចំយ៉ាងល្អ និងបង្ហាញពី «ឆន្ទៈដ៏មុតមាំក្នុងការបំផ្លាញសត្រូវ»។ ទន្ទឹមនោះ លោក គីម ក៏បានអំពាវនាវឱ្យមាន «ការអប់រំមនោគមវិជ្ជា» បន្ថែមទៀតដើម្បីជួយទាហានបន្តការងារដ៏ល្អរបស់ពួកគេ «ការបង្រួបបង្រួម ការត្រៀមប្រយុទ្ធ និងបង្កើនសមត្ថភាពប្រយុទ្ធ»។

គួររំលឹកថា ទីក្រុងសេអ៊ូល គឺជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់មួយរបស់ទីក្រុងវ៉ាស៊ីនតោន ហើយសហរដ្ឋអាមេរិកបានដាក់ទាហានអាមេរិក ប្រហែល ២៧,០០០នាក់នៅភាគខាងត្បូង ដើម្បីជួយការពារប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

យ៉ាងណាកូរ៉េខាងជើង ក្នុងខែមីនា នេះ បានព្រមានថា «ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្ដិសម ជុំវិញការធ្វើសមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះ ហើយក្រោយពីការព្រមាននេះ លោក គីម បានដឹកនាំការធ្វើសមយុទ្ធយោធារបស់អង្គភាពកាំភ្លើងធំមួយ ដែលខ្លួននិយាយថា មានសមត្ថភាពវាយប្រហារលើរដ្ឋធានីកូរ៉េខាងត្បូង៕

ប្រភព៖ CNA

Share.