អាជ្ញាធររបស់ប្រទេសឡាវបានកំណត់ពេលវេលាបើកសាលារៀនទូទាំងប្រទេសឡើងវិញ នៅខែក្រោយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និង កីឡាប្រចាំប្រទេសឡាវបានប្រកាសថា សាលារៀននៅទូទាំងប្រទេស រួមទាំងទីក្រុងវៀងច័ន្ទ និងចាប់ផ្ដើមបើកដំណើរវិស័យអប់រំឡើងវិញចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

ការជូនដំណឹងនេះត្រូវបានបញ្ជាក់ជូនតាមគ្រិះស្ថានអប់រំទាំងឡាយ រូមមាននាយក និង គ្រូបង្រៀនទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការមេរោគកូវីដឲ្យគ្រប់ ២ដូសជាមុនសិន មុននឹងបើកសាលារៀន ហើយត្រូវអនុវត្តវិធានការពាក់ម៉ាស់ បាញ់អាកុល វាស់កម្ដៅ និង រក្សាគម្លាតសុវត្ថិភាពក្នុងសាលារៀនផងដែរ។ ប៉ុន្តែសាលារៀនមួយចំនួន ដែលប្រើជាមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ក៏ដូចជាសាលារៀនដែលមានទីតាំងនៅតំបន់ក្រហម គឺមិនទាន់អាចបើកដំណើរការបានទេនៅក្នុងខែកញ្ញាក្រោយនេះ។

នៅសប្តាហ៍ទី ៤ នៃខែនេះ សាលារៀនគួរតែត្រៀមខ្លួនដើម្បីផ្តល់កាលវិភាគបង្រៀនដល់គ្រូបង្រៀន ក៏ដូចជាចាប់ផ្ដើមទទួលការចុះឈ្មោះសម្រាប់ឆ្នាំសិក្សាថ្មី។ អាជ្ញាធរប្រទេសឡាវបានស្នើឲ្យមាតាបិតាសហការក្នុងការបញ្ជូនកូនៗ របស់ពួកគេទៅសាលារៀន និងស្វែងយល់ លើវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ របស់សាលា។

ទោះជាយ៉ាងណាការបើកសាលារៀននៅពេលនេះ គឺជារឿងគួរឲ្យព្រួយបារម្ភ ព្រោះមួយរយៈពេលនេះប្រទេសឡាវមានចំនួនអ្នកឆ្លងមេរោគកូវីដកើនឡើងដល់ជាង ១ម៉ឺននាក់ ខណៈដែលប្រទេសនេះមានចំនួនអ្នកស្លាប់សរុបត្រឹមតែ ៩នាក់ប៉ុណ្ណោះ៕

ប្រភព៖ Laotian Times

Telegram-Troryorng
Share.