ថ្នាក់ដឹកនាំ​សហព័ន្ធខ្មែរ​កីឡា​ហែល​ទឹក និង​គណៈកម្មការ​សាងសង់ នៅ​ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បាន​ចុះ​ពិនិត្យ​ការ​សាងសង​មណ្ឌល​ហែលទឹក ខេត្តបាត់ដំបង ស្តង់ដារ​អន្តរជាតិ និងមានតម្លៃប្រមាណ​ ២លាន​ដុល្លារអាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​​ខ្មែរ​កីឡា​ហែល​ទឹក នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន។

លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរ​ហែលទឹក បានឲ្យដឹងថា៖«មណ្ឌល​ហែលទឹក​ខេត្ត​បាត់ដំបង បាន​រួចរាល់​ជា​ស្ថាពរហើយ ប៉ុន្តែ​យើងនៅបំពាក់បរិក្ខារមួយចំនួនទៀត ដើម្បីបញ្ឈប់ បើ​គិត​ពី​ការងារ​ធំៗ ចប់​អស់ហើយ ហើយនឹងពិនិ្យ វាយតម្លៃដងទៀត ដើម្បីធ្វើពិធីប្រគល់ តាម​ការ​ណែនាំ​ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ដោយបង្កើតគណៈកម្មការទទួលពីក្រុមហ៊ុនមក»។

លោកអគ្គលេខាធិការ បានបន្តទៀតថា៖«អាងទឹកនេះកសាងឡើង ដោយយកគំរូប្លង់ តាម​មណ្ឌល​កីឡា​ហែលទឹក តេជោសែន ខេត្ត​កំពង់ចាម ដោយ​គំរោង​ប្រើប្រាស់ ថវិកា​ប្រមាណ​ ២,០០០, ០០០ ដុល្លារ (ពីរ​លានដុល្លារ សហរដ្ឋអាមេរិក) ដើម្បី​អាច​ឲ្យកីឡាករ-កីឡាការនី ទាំងជាតិ និង​អន្តរជាតិ​ ក៏​ដូចជា​មហាជន ទូទៅ ​ធ្វើការ​ហ្វឹកហាត់ កីឡាហែលទឹក ដើម្បីសុខភាព។ អាងទឹកនេះ ក៏ជាកន្លែង ប្រកួត​កម្រិត​ជាតិ ឬ​អាច​ប្រកួត​កម្រិត តំបន់​បាន​។ សាងសង់ មណ្ឌលកីឡា ហែលទឹកនៅ ខេត្ត​បាត់ដំបងនេះ ជា​ផែនការ​មេ របស់សហព័ន្ធ​កីឡាខ្មែរ​ហែលទឹក ក្នុងការអភិវឌ្ឍ និង បណ្ដុះ បណ្ដាល កីឡាករ-កីឡាការនី​ឈុតធំ​ និងថ្នាលដើម្បីត្រៀម ចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាកីឡាថ្នាក់ខេត្ត ​ថ្នាក់​ជាតិ និង​ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ( SEA GAMES 2023 ) នាពេលខាងមុខ៕

Telegram-Troryorng
Share.