កីឡាគុនល្បុក្កតោ កេរ្តិ៍​តំណែង​ដូនតា​ខ្មែរ​​ មាន​ប្រទេស​ចំនួន​៦ កំពុង​ហ្វឹកហាត់​ ប៉ុន្តែ​កម្ពុជា មាន​ឆន្ទៈ​ពង្រីក​​ឱ្យ​មាន​ប្រទេស​ហ្វឹកហាត់​កីឡា​នេះ​ឱ្យ​បាន​ច្រើន​ផុសផុល​ដើម្បី​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ ពោល​គឺ​​ត្រូវ​ប្រើពេល​២០ឆ្នាំ និង​មាន​កា​គាំទ្រ​ចាប់​ពី​៧៥​ប្រទេស​ឡើង​ទៅ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លើក​ឡើង​នៅ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ថ្មីៗ​នេះ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖«នៅ​ក្នុង​គោលដៅ​របស់​យើង​ពីពេល​កន្លង​មក​រហូត​ដល់​ឆ្នាំ២០៣០ គឺ​ថា​មហិច្ឆតា​អភិវឌ្ឍន៍​ និង​អភិរក្ស​វិស័យ​កីឡា​គុន​ល្បុក្កតោ​ទៅ​លើ​ឆាក​អន្តរជាតិ ដោយ​យើង​កំពុង​បង្កើន​គុណភាព​គ្រូ​បង្គោល​របស់​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​ឱ្យ​រឹងមាំ​សិន​ ពី​ព្រោះ​ថា គ្រូ​បង្គោល​ដែល​ចេញទៅផ្សព្វផ្សាយ និងបង្ហាត់បង្រៀន នៅក្រៅប្រទេស មិន​ត្រឹម​តែ​ចេះ​ក្បាច់គុន​របស់​ខ្លួន​ប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវ​តែ​ចេះ​ភាសា​អង់គ្លេស ឱ្យ​បានច្បាស់​លាស់​ផងដែរ»។

ប្រភព​បញ្ជាក់​ថា​គណៈកម្មាធិការអូឡាំពិក​អន្តរ​ជាតិ បាន​កំណត់​បង្ហាញ​ថា​ កីឡា១​ប្រភេទ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ត្រូវ​បាន​ការ​គាំទ្រ​ចាប់​ពី​៧៥ ប្រទេស​ឡើង​ទៅ។ ដូច្នេះ​គុនល្បុក្កតោ ក៏​ត្រូវ​អនុវត្ត​តាម​គោលការណ៍​នេះ​ដែរ ដើម្បីទទួលបានការគាំទ្របន្ថែមទៀត នាថ្ងៃអនាគត។ បច្ចុប្បន្ន គុនល្បុក្កតោ ដែល​មាន​ក្លិប​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​មាន​ត្រឹម​តែ​៦ប្រទេសប៉ុណ្ណោះ ដោយ​មិន​ទាន់​ជ្រួតជ្រាប​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​ឡើយទេ។

«ប្រសិន​បើ​យើង​អាច​រៀបចំ​ការ​ប្រកួត​គុនល្បុក្កតោ ជើង​ឯកពិភពលោក រៀងរាល់​ឆ្នាំ​បាន​ នោះ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​គុនល្បុក្កតោឱ្យ ទទួល​បាន​ការ​គាំទ្រ​ជា​អន្តរជាតិ​៧៥​ប្រទេស គឺ​ត្រូវ​ការ​រយៈពេល​ ២០​ឆ្នាំ។ នេះ​ជា​មហិច្ឆតានៃគោលដៅរបស់យើង​ ដែល​ត្រូវ​តែខិតខំ​ដើរ​ឱ្យ​ទៅ​ដល់​កម្រិត​ពិភពលោក បែប​នេះ ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​ឱ្យ​គុនល្បុក្កតោ​មាន​ពុម្ព ឬក្បួន​ខ្នាត​ស្តង់ដា​តែ​មួយ​ ដោយ​មិនមែន​ត្រឹម​តែគោល​ដៅ​ដាក់​បញ្ជូល​កីឡា​គុនល្បុក្កតោ ត្រឹម​តំបន់​អាស៊ាន ជា​ពិសេស​គឺ​ស៊ីហ្គេម​ ឆ្នាំ២០២៣ នៅ​កម្ពុជា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​យើង​នឹង​បន្ត​ជំរុញ​បញ្ជូល​ក្បាច់គុន​ព្រលឹង​ជាតិ​ខ្មែរ​មួយ​នេះ​ឱ្យ​ឈាន​ដល់​កម្រិត​ទ្វីប​អាស៊ី ​នាថ្ងៃអនាគត ដែល​ពេល​នោះហើយ​ដែល​បណ្តា​ប្រទេស​ទាំង៤៥​នៃ​ទ្វីបអាស៊ី​ហើយ យើង​នឹង​បន្តសម្រួចគោលដៅរបស់យើងទៅក្នុងកម្រិតពិភពលោក»។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។
ថ្នាក់ដឹកនាំ​រូប​នេះ​បាន​បង្ហាញ​នូវ​ឆន្ទៈ​ថា ដូចជា​ប្រភេទ​កីឡាតេក្វាន់ដូ ការ៉ាតេ ជាដើម​ត្រូវ​បាន​ ម្ចាស់​ក្បាច់​គុន​ទាំង​នោះ​រុញ​ឱ្យ​ដល់​កម្រិត​ពិភពលោក ​បាន ហេតុអ្វី​កម្ពុជា​យើងក៏​មិន​អាច​សម្រួច​ឱ្យ​ដល់​គោលដៅ​ធំ​បែបនេះបាន ដែលទាំងអស់នេះ គឺជាសំណួរឱ្យកូនខ្មែរយើង ដាស់​តឿន​ស្មារតី​កូនខ្មែរ​យើង​នាំ​គ្នា​ដាក់​គោលដៅ​រុញ​ប្រភេទកីឡាគុនល្បុក្កតោឱ្យដល់កម្រិតអូឡាំពិក ដោយ​កាលណា​ប្រភេទ​កីឡា​មួយ​ឈាន​ដល់​ក្នុង​កម្រិត​អូឡាំពិក ហើយ​គឺ​អ្វីៗទាំងអស់គឺល្អឥតខ្ចោះ ​និង​មាន​ភាព​រឹងមាំ ក្នុង​ការ​ថែរក្សាមរតកវប្បធម៌ក្បាច់គុនប្រពៃណីជាតិខ្មែរយើង នៅ​លើ​ឆាក​អន្តរជាតិ​បាន​ហើយ។

ជាមួយគ្នានេះ បច្ចុប្បន្ន សហព័ន្ធកីឡាគុនល្បុក្កតោក៏មានគោលដៅអភិវឌ្ឍន៍ និង​អភិរក្ស​ក្បាច់គុន​មួយ​នេះ​ឱ្យ​ក្លាយ​ទៅ​ការអប់រំ​ស្មារតី​ដល់​អ្នក​ហាត់​គុន​នេះ​ផង​ដែរ​ ដោយ​ក្បាច់គុន​មិនមែន​សម្រាប់​តែ​វាយ​តប់​គ្នា​នោះទេ​ ប៉ុន្តែ​ក្បាច់គុន​គឺ​ជាការបញ្ជ្រាបនូវស្មារតីព្រលឹងវប្បធម៌ អប់រំ​ស្មារតី​របស់​មនុស្ស​ ដោយ​គ្រោង​នឹង​បញ្ជូល​ទៅ​ក្នុង​កម្រិតការសិក្សាចំណេះទូទៅ និង​គ្រោង​បង្កើត​ក្លិប​នៅ​តាម​ទីវត្តអារាម​ប្រមាណ​២​ម៉ឺន​វត្ត​នៅ​ទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្បាច់គុនល្បុក្កតោ ធ្លាប់​បាន​ដាក់​ស្នើទៅអង្គការយូណេស្កូ ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបីនៃ​មនុស្ស​ជាតិ​ផង​ដែរ ប៉ុន្តែអង្គការយូណេស្កូបានបញ្ជូនត្រឡប់មកកម្ពុជា វិញ ដោយ​សារ​កម្ពុជា មិន​ទាន់​បានបំពេញគ្រប់លក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬ​មិនទាន់​ធ្វើ​ឱ្យ​ក្បាច់គុន​នេះ​មាន​លក្ខណៈ​សហគមន៍ ក្នុង​ក្រប​ខ័ណ្ឌជាតិ។ ប៉ុន្តែ​ទោះ​យ៉ាងនេះ ក្តី ឯកឧត្តម វ៉ាត់ ចំរើន នៅតែមានក្តីសង្ឃឹមថា កម្ពុជានៅតែមានឱកាស ក្នុងការដាក់ស្នើ ​គុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នាថ្ងៃអនាគតផងដែរ៕

Telegram-Troryorng
Share.