លោក យី សុភក្រ្តា ជានាយបេសសកម្ម គ្រូបង្វឹក និង ជា​អ្នក​សម្របសម្រួល​កូវីត-១៩ ប្រចាំ​ប្រទេស​កម្ពុជា​និង​លោក វ៉ាន វ៉ុន ជា​កីឡាករប្រណាំងរទេះ T54 លើ​វិញ្ញាសារ ១០០ម៉ែត្រ​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន ហើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ នេះ​ដើម្បី​ត្រៀម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក​រដូវកាល​​ក្ដៅ​ឆ្នាំ​២០២០ (2020 Summer Paralympics) នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

លោក យី វាសនា បាន​បញ្ជាក់​លើ​ហ្វេសប៊ុក​របស់​ខ្លួន​មុន​ចេញ​ដំណើរ​ថា លោក​ចាក​ចេញ​ពី​កម្ពុជា នៅ​ថ្ងែ​ទី២២ ខែសីហា វេលា​ម៉ោង ១៨:២៥ ហើយ​ដល់​ ជប៉ុន ថ្ងៃ​ទី ២៣ ខែសីហា ម៉ោង ៨:០០ និង​វិល​ត្រលប់​មក​វិញ​នៅ​ថ្ងែទី ៧ ខែកញ្ញា វេលា​ម៉ោង ២២:៥៥ និង​មក​ដល់​កម្ពុជា ថ្ងៃ​ទី ៨ ខែកញ្ញា ម៉ោង១៧:៣០។

«ខ្ញុំ​បាទ​សូម​ថ្លែង​អំណរ​គុណ សម្តេចតេជោ នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា បាន​ឧបត្ថម្ភ​ទាំង​ស្រុង ក្នុង​ការ​ចូលរួម​ការ​ប្រកួត​កីឡា​ប៉ារ៉ាឡាំពិក​ពិភពលោក ២០២០។ ខ្ញុំបាទសូម​ថ្លែងអំណរគុណ ឯកឧត្តមអគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិប៉ារ៉ាឡាំពិកកម្ពុជា និងមន្រ្តី នៃ​គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែល​បានយកចិត្តទុកដាក់ដល់ប្រតិភូកីឡា។ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ក្រសួង ស្ថាបន័ពាក់ព័ន្ធ ទាំងអស់។ សូមអរគុណ បងប្អូន​អ្នក​សារពត៌មាន​កីឡា​ដែល​បាន​ជួយ​ផ្សព្វផ្សាយ និង​សូម​ចូលរួម​គាំទ្រទាំងអស់គ្នា ដើម្បីជាកំលាំងចិត្តដល់ប្រតិភូកីឡា ក៏ដូចជាអត្តពលិកយើងផងដែរ»។

នេះ​ជា​លើក​ទី​​៦​ហើយ ដែល​កម្ពុជា បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក ដោយ​ក្នុង​នោះ​មាន​ឆ្នាំ​២០០០,​២០០៤,​២០០៨,​២០១២,​២០១៦​និង​២០២០ នេះ។ កីឡា 2020 Summer Paralympics បើក​ឱ្យ​ប្រកួត​ចំនួន​២២​កីឡា មាន​៥៤០​​វិញ្ញាសា​ ដោយ​ចាប់​ផ្ដើមប្រកួត​ពី​ថ្ងៃ​ទី​២៤ សីហា ដល់​៥ កញ្ញា ឆ្នាំ​២០២១ នៅ​ប្រទេស​ជប៉ុន ដោយ​រំពឹង​ថា​នឹង​មាន​អត្តពលិក​ចូលរួម​ប្រកួត​​ប្រមាណ​ជាង​៤ពាន់៕

Telegram-Troryorng
Share.