ពានរង្វាន់​បាល់ទាត់​ឆ្នេរ​ខ្សាច់​ជើង​ឯក​ពិភពលោក​ 2021 FIFA Beach Soccer World Cup កំពុង​រៀបចំ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី បាន​រក​ឃើញ​ក្រុម​ឆ្លង​ផុត​វគ្គ​ចែក​ពូល​បណ្តើរៗ​ហើយ ដោយ​ក្នុង​នោះ​​មាន​ក្រុម ជប៉ុន,​សេណេហ្គាល់ និង​ស្វីស តែ​ក្រុម​ផ្សេង​ទៀត​ចាំ​អ៊ុត​ប្រកួត​បិទ​ពូល​សិន។

ពានរង្វាន់ 2021 FIFA Beach Soccer World Cup មាន​ក្រុម​ចូលរួម​ចំនួន​១៦ក្រុម​មក​ពី​៦ទ្វីប​ផ្សេង​គ្នា ដោយ​បែងចែក​ជា​​៤​ពូល​ប្រកួត​ពី​ថ្ងៃ​ទី​១៩ ដល់ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២១ នៅ​លើ​ទីលាន ​Luzhniki Beach Soccer Stadium។

ពូល A មាន​ជប៉ុន រុស្ស៊ី អាមេរិក និង​ប៉ារ៉ាហ្គាយ ពូល B មាន​តាហ៊ីទី អេស្ប៉ាញ ម៉ូហ្ស៊ំប៊ី និង​អារ៉ាប់រួម ពូល C មាន​ស្វីស ប្រេស៊ីល បេឡារុស្ស និង អែលសាល់វាឌ័រ ពូល D មាន​សេណេហ្គាល់ ព័រទុយហ្គាល់ អ៊ុយរុយហ្គាយ និង​អូម៉ង់។ ពូល​ទាំង​៤​នៅ​សល់​១​ប្រកួត​ចុង​ក្រោយ​រៀងៗ​ខ្លួន មុន​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល។ ក្រុម​ខ្លាំង​តាម​ពូល​នីមួយៗ​ចំនួន​២​ក្រុម​មាន​ឈ្មោះ​ឡើង​ទៅ​​លេង​វគ្គ​៨ក្រុម​ចុង​ក្រោយ​ដើម្បី​ស្វែង​រក​ឱកាស​ឡើង​ទៅ​ដណ្តើម​ជើង​ឯក។

គិត​ត្រឹម​ពេល​នេះ​កីឡាករ Figo របស់​ប្រទេស​ម៉ូហ្ស៊ុំប៊ី រក​បាន​គ្រាប់​បាល់​៧គ្រាប់​ម្នាក់​ឯង។ ​

ប្រកួត​បិទ​ពូល A ថ្ងៃ​ទី២៣ សីហា ២០២១៖
-អាមេរិក Vs ប៉ារ៉ាហ្គាយ
-ជប៉ុន Vs រុស្ស៊ី
ប្រកួត​បិទ​ពូល B ថ្ងៃ​ទី២៣ សីហា ២០២១៖
-តាហៃទី Vs ម៉ូហ្ស៊ំប៊ី
-អេស្ប៉ាញ Vs អារ៉ាប់រួម
ប្រកួត​បិទ​ពូលC ថ្ងៃ​ទី២៤ សីហា ២០២១៖
-អែលសាវ៉ាឌ័រ Vs ស្វីស
-ប្រេស៊ីល Vs បេឡារុស្ស
ប្រកួត​បិទ​ពូល D ថ្ងៃ​ទី២៤ សីហា ២០២១៖
-អូម៉ង់ Vs សេណេហ្គាល់
-អ៊ុយរុយហ្គាយ Vs ព័រទុយហ្គាល់

ការ​ប្រកួត​នេះ​មាន​អាជ្ញាកណ្ដាល​ដឹកនាំ​ចំនួន​២៤​រូប​ដោយ​ក្នុង​នោះ​មាន​៤រូប​ទៅ​ពី​ទ្វីប​អាស៊ី ទ្វីប​អាហ្វ្រិក ៣រូប ទ្វីប​អាមេរិក​ខាង​ជើង​៣រូប ទ្វីប​អាមេរិក​ខាង​ត្បូង​៥រូប​ ទ្វីប​អូសេអានី ១រូប​និង​ទ្វីប​អឺរ៉ុប ៨រូប៕

Telegram-Troryorng
Share.