ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អំពីស្ថានភាពអាកាសធាតុរដូវប្រាំងឆ្នាំនេះ មានសីតុណ្ហភាពកើនឡើងខ្លាំង ពោលគឺសីតុណ្ហភាពក្ដៅកើនឡើងជាងឆ្នាំកន្លងទៅ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°Cនិង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។

ក្រសួងបានឱ្យដឹងថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ខែមេសា ឆ្នាំ២០២៤នេះ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្ទថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្ទចិនខាងត្បូង  ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៨អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

 ឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៩អង្សាសេ។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រក្នុង១វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

សម្រាប់តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។

យោងលើការព្យាករណ៍ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធាបទឹកកាលពីពេលកន្លងទៅ បានបញ្ជាក់ថា ឆ្នាំនេះ ភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើមយឺត ពោលគឺយឺតជាងឆ្នាំ២០២៣ រីឯបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ២០២៤។ ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះដែរ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន៕

អត្ថបទ៖ សង្គម

Share.